គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧នេះ​កម្ពុជា​យើងរកឃើញមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ២៤នាក់ហើយ ក្នុងនោះ នៅ​ភ្នំពេញ​ច្រើនជាងគេ

(​ភ្នំពេញ​)៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២៤​នាក់​ហើយ នៅ ៩ រាជធានី​ខេត្ត រួមមាន​៖ ១-​ខេត្ត​ព្រះសីហនុ ម្នាក់ ២-​សៀមរាប ម្នាក់ ៣-​កំពង់ចាម ៣​នាក់ ៤-​ភ្នំពេញ ៧​នាក់ ៥-​ព្រះវិហារ ២​នាក់ ៦-​កំពង់ឆ្នាំង ២​នាក់ ៧-​បាត់ដំបង ៤​នាក់ ៨-​បន្ទាយមានជ័យ ២​នាក់ ៩-​កំពត ម្នាក់ និង​១០-​ត្បូងឃ្មុំ ម្នាក់​។​

​គិត​ចាប់ពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ មកដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ទាំង ២៤​នាក់ ដែលមានខ្មែរ ១៦នាក់ និងបរទេស ៨នាក់ រួមមាន​៖
-​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ព្យាបាល​ជាសះស្បើយ កាលពីដើម​ខែកុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ​។
-​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ បុរស​ខ្មែរ​ម្នាក់ នៅ​ខេត្តសៀមរាប​។
-​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ស្ត្រី​អ្នកទេសចរ​អង់គ្លេស ម្នាក់ នៅ​ខេត្តកំពង់ចាម ដែលជា​អ្នកធ្វើដំណើរ តាម​នាវា​ទេសចរណ៍ មកពី​ប្រទេស​វៀតណាម​។​
-​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ អ្នកទេសចរ​អង់គ្លេស ២​នាក់​ប្តី​ប្រពន្ធ នៅ​ខេត្តកំពង់ចាម ដែលជា​អ្នកធ្វើដំណើរ តាម​នាវា​ទេសចរណ៍ មកពី​ប្រទេស​វៀតណាម​។
-​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ បុរស​ជនជាតិ​កាណាដា​ម្នាក់ និង​បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​ម្នាក់ នៅ​ភ្នំពេញ​។
-​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ បុរស​បារាំង​ម្នាក់ នៅ​ភ្នំពេញ​។ បុរស​ខ្មែរ​ម្នាក់ ទើប​មកពី​ប្រទេស​បារាំង នៅ​ភ្នំពេញ​។ ខ្មែរឥស្លាម ២​នាក់ នៅ​ព្រះវិហារ និង​កូន​របស់​បុរស​បារាំង អាយុ ៤​ខែ​ម្នាក់ នៅ​ភ្នំពេញ​។
-​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ ខ្មែរឥស្លាម ១១​នាក់ និង​ខ្មែរ​ម្នាក់ ( នៅ​បន្ទាយមានជ័យ ២​នាក់ ភ្នំពេញ ២​នាក់ កំពង់ឆ្នាំង ២​នាក់ បាត់ដំបង ៤​នាក់ កំពត ម្នាក់ និង​ត្បូងឃ្មុំ ម្នាក់ )​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា ខ្មែរឥស្លាម ដែល​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ១៣​នាក់​ខាងលើនេះ ជា​ស្ថិត​ក្នុងចំណោម​ខ្មែរឥស្លាម ៧៩​នាក់ ដែល​ទើប​មកពី​ចូលរួម​ពី​ពិធីបុណ្យ នៅ​ប្រទេស​ម៉ាឡេស៊ី។

តាមរយៈសេចក្តីប្រកាស ក្រសួង​សុខាភិបាល នៅព្រឹកថ្ងៃទី​១៧ ខែមីនានេះ បានអំពាវនាវដល់​សាធារណជន រក្សា​ភាពនឹងនរ ក្នុង​ចិត្ត កុំ​មានការ​ភ័យខ្លាច ជឿទុកចិត្ត​លើ​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​។ ក្នុងនោះ ក្រសួងសុខាភិបាល ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង ថែរក្សា​អនាម័យ​ដៃ ខ្លួនប្រាណ ចំណីអាហារ និង​បរិស្ថាន​ជុំវិញខ្លួន ឲ្យ​បាន​ជាប់​ជាប្រចាំ​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​យក​សណ្ឋាគា​រ​ផ្កាយ​ប្រាំ Great Duke ដែលជា​អតីត​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់ នៅ​ជិត​ផ្សារ​ដើម​គរ ក្នុង​រាជធានី​ភ្នំពេញ ធ្វើជា​មន្ទីរពេទ្យ សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។

​ក្នុងនោះ ក្រុមគ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល ក៏បាន​សហការ​ជាមួយ​គ្រូពេទ្យ​ទាហាន និង​ពេទ្យ​ប៉ូលិស ដើម្បី​រួមសហការ​គ្នា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បំណង​បញ្ចៀស​នូវ​ការចម្លង​ក្នុង​សហគមន៍​ជាយថាហេតុ​៕​

Image result for covid 19 cambodia

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds