TOP NEWS: ក្រសួងសុខាភិបាល បដិសេដចោលទាំងស្រុងចំពោះព័ត៌មានប្រឌិតថា បុរសជនជាតិបារាំងដែលឆ្លង COVID-19 រត់គេចចេញពីមន្ទីរពេទ្យ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានចេញមកប្រកាសទាត់ចោលទាំងស្រុងចំពោះព័ត៌មានប្រឌិតថា បុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំ ដែលឆ្លង COVID-19 បានរត់គេចចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពោលគាត់កំពុងសម្រាកព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យ ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ។

ការចេញមកទាត់ចោលនូវព័ត៌មានក្លែងក្លាយបែបនេះ ពីសំណាក់ក្រសួងសុខាភិបាល បានកើតឡើងភ្លាមៗ ក្រោយពីមានជនបំពុលសង្គមមួយចំនួន បានបង្ហោះទៅលើបណ្តាញសង្គម Facebook ថា បុរសជនជាតិបារាំងស្បែកខ្មៅរូបនេះ ដែលឆ្លង COVID-19 បានលួចរត់ចេញពីមន្ទីរពេទ្យ ហើយទៅខេត្តនេះ ខេត្តនោះដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង និងនាំឲ្យមានចលា ចលសង្គម។

នៅយប់ថ្ងៃនេះ លោក លី សុវណ្ណ បានប្រាប់យ៉ាងដូច្នេះថា «ករណីនេះជារឿងប្រឌិតទាំងស្រុង ក្រសួងសុខាភិបាល សូមទាត់ចោលទាំងស្រុង គឺគាត់ (ជនជាតិបារាំង) កំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យមិត្តិភាពខ្មែរ-សូវៀត ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យយើង»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ នៅលើខ្លួនជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំរូបនេះ ដែលចូលមកកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ ក្រោយការធ្វើតេស្តរួចមក កូនប្រុសរបស់ជនជាតិបារាំងអាយុ៤ខែ ក៏បានឆ្លង COVID-19 តែប្រពន្ធរបស់គាត់ មិនមានឆ្លងនោះទេ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន ១២ករណីហើយ។ 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open