វិហារអ៉ីស្លាម នៅម៉ាឡេស៊ីត្រូវបានបិទទ្វារ ក្រោយរកឃើញអ្នកឆ្លងថ្មី ១៩០នាក់ មានពាក់ព័ន្ធនឹងពិធី ijtimak
(ម៉ាឡេស៊ី)៖ វិហារអ៉ីស្លាមទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងត្រូវបានណែនាំ ឱ្យបិទទា្វរ ព្រមទាំងត្រូវផ្អាកសកម្មភាពនានា រយៈពេល១០ថ្ងៃ បន្ទាប់ពីមនុស្ស រាប់រយនាក់ ត្រូវបានគេធ្វើតេស្ដរកឃើញឆ្លង COVID-19 ក្រោយចូលរួមក្នុងពិធី ijtimak របស់អ្នកកាន់សាសនាអ៉ីស្លាម ដែលហៅខ្លួនឯងថាក្រុម Tabligh នៅឯវិហារ មួយកន្លែងនៅជាយទីក្រុង គូឡាឡាំពួរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។
ថ្នាក់ដឹកនាំអ៉ីស្លាម ឬម៉ូហ្វទី នៃរដ្ឋ Perlis ស្ថិតនៅភាគខាងជើងប្រទេសម៉ាឡេស៊ី លោក មហាំម៉ាត់ អាសស្រ៊ី ហ្សៃនុល អាប៊ីឌីន (Mohd Asri Zainul Abidin) បញ្ជាក់ នៅក្នុងសារបង្ហោះលើ Instagram របស់លោកនៅថ្ងៃចន្ទនេះ ដូច្នេះថា៖ «នាយកដ្ឋានអភិវឌ្ឍអ៉ីស្លាមម៉ាឡេស៊ី (Jakim) ដែលជាទីភ្នាក់ងារដ៏មានឥទ្ធិពលរបស់ សហព័ន្ធ នឹងផ្ដល់អនុសាសន៍ឱ្យវិហារទាំងអស់បិទទ្វារសម្រាប់រយៈពេល១០ថ្ងៃ ដោយផ្អែកលើការណែនាំពីក្រសួងសុខាភិបាល»។ លោកបន្ថែមទៀតថា វិហារទាំងអស់ ក៏នឹងត្រូវណែនាំឱ្យបញ្ឈប់រាល់សកម្មភាពសាសនា ជាបណ្ដោះអាសន្នផងដែរ ក្នុងនោះរួមមានទាំងការថ្វាយបង្គំនៅថ្ងៃសុក្រ។
គួរបញ្ជាក់ថា បើតាមលោក មហាំម៉ាត់ អាសស្រ៊ី ការសម្រេចចិត្តខាងលើ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិសេសមួយកាលពីយប់ ថ្ងៃអាទិត្យ ប៉ុន្តែលោកថានៅត្រូវរង់ចាំការ ប្រកាសជាផ្លូវការនៅឡើយសិន។ ម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញ បានរកឃើញអ្នកឆ្លង COVID-19 ១៩០នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ៤២៨នាក់ ហើយ ដែលករណីថ្មីទាំងនេះទៀតសោត ត្រូវបានគេរកឃើញនៅលើអ្នកចូលក្នុងពិធី ijtimak នៅឯវិហារមួយកន្លែងនៅជាយទីក្រុង គូឡាឡាំពួរ ដែលមានអ្នកចូលរូម
ជាង ១៦,០០០នាក់ ក្នុងនោះមានជនជាតិម៉ាឡេស៊ី ជិត៥,០០០នាក់ បានចូលរួម ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា៕