ប្រទេសអ៊ីតាលី៖ អ្នកមានផ្ទុកវីរុសCOVID-19 អាយុលើសពី៨០ឆ្នាំ «អាចនឹងត្រូវទុកឲ្យស្លាប់»
(រ៉ូម)៖ឯកសាររបស់ផ្នែកគ្រប់គ្រងវិបត្តិនៅប្រទេសអ៊ីតាបាននិយាយថាអ្នកមានផ្ទុកវីរុសCOVID-19 អាយុលើសពី៨០ឆ្នាំ ឬដែលមានជំងឺប្រចាំកាយច្រើន «អាចនឹងត្រូវទុកឲ្យស្លាប់» បើសិនជាចំនួនអ្នកជំងឺមានស្ថានភាពជំងឺធ្ងន់ធ្ងរនិងត្រូវការការសង្គ្រោះបន្ទាន់កាន់តែច្រើន។
សាព័ត៌មាន The telegraph បានចុះផ្សាយនៅថ្ងៃនេះ ថាចំនួនអ្នកត្រូវសង្គ្រោះបន្ទាន់កាន់តែច្រើន ហើយគ្រែសម្រាប់អ្នកជំងឺសង្គ្រោះបន្ទាន់មានតែ៥ ០៩០ប៉ុណ្ណោះ។ ប្រភពដដែលបន្តថាចំនួនអ្នកជំងឺកើនឡើងលើសពីអ្វីដែលមាន។ បើតាមឯកសារដែលខាង The telegraph ទទួលបាន អាជ្ញាធរអ៊ីតាលីនឹងពិនិត្យមើលថាអ្នកជំងឺបង្កដោយវីរុស COVID-19 ណាដែលត្រូវការចាំបាច់ជាងគេដែលត្រូវព្យាបាល ក្នុងករណីមិនមានកន្លែងគ្រប់គ្រាន់ ខណៈកន្លែងទទួលការសង្គ្រោះបន្ទាន់ចាប់ផ្ដើមខ្វះខាត។ ប្រភពថាអ្នកមានជំងឺប្រចាំកាយ និងអាយុលើសពី៨០ឆ្នាំ អាចនឹងមិនទទួលបានការព្យាបាល ឬថាអាចទុកឲ្យស្លាប់។
ប្រភពដដែលបន្តថា៖ «លក្ខណៈវិនិច្ឆ័យសម្រាប់អ្នកជំងឺសម្រាប់ការព្យាបាលគឺត្រូវគិតពីអាយុក្រោម៨០ឆ្នាំ និងលក្ខខណ្ឌសុខភាពផ្សេងទៀត…យើងសង្ឃឹមថាយើងនឹងមិនដើរដល់ចំណុចដែលថាត្រូវមានទុកឲ្យអ្នកនេះស្លាប់ ឬអ្នកនេះរស់នោះទេ»។
បើតាម The telegraph ឯកសារនេះ បានរៀបចំរួចរាល់ហើយ ដោយថានៅចាំតែការសម្រេចពីគណៈកម្មការវិទ្យាសាស្រ្តប៉ុណ្ណោះ មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យនានា។