ក្រោយពីលោក ពេជ្រ ស្រស់ ប្រតិកម្មករណីចាប់សកម្មជនព្រៃឈើ៤នាក់ ខណៈនេះត្រូវបានសាលាដំបូងខេត្តក្រចេះធ្វើការដោះលែងឲ្យមានសេរីភាពស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ
(ភ្នំពេញ)៖ បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រតិកម្មករណីចាប់សកម្មជនព្រៃឈើ៤នាក់នៅខេត្តក្រចេះ ឥឡូវនេះត្រូវបានសាលាដំបូងខេត្តក្រចេះធ្វើការដោះលែងឲ្យមានសេរីភាព តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ នេះយោងតាមផេកហ្វេសប៊ុករបស់លោក ផុសនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។
លោកបានសរសេររៀបរាប់ថា «អបអរសាទរ សកម្មជនបរិស្ថានទាំងបួនរូបត្រូវបានដោះលែងហេីយ ! ! ព័ត៌មានថ្មី : នៅវេលាម៉ោង ១២ ថ្ងៃត្រង់ទី១៦ ខែមីនា ឆ្នាំ២០២០ លោក អ៊ួច ឡេង និងសកម្មជនបរិស្ថានព្រៃឈើ ៣នាក់ទៀត ត្រូវបានសាលាដំបូងខេត្តក្រចេះធ្វើការដោះលែងឲ្យមានសេរីភាព តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ។»
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក កងកម្លាំងសន្តិសុខ ឃាត់ខ្លួនសកម្មជនបរិស្ថាននិងព្រៃឈើចំនួន៤ នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី និងលោក ស្រី ថី ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់, និងលោក មេន ម៉ាត់ សកម្មជនបរិស្ថានដែលត្រូវបានទទួលរងអំពើហិង្សាពីសំណាក់កម្មករក្រុមហ៊ុននៅក្នុងបរិវេណ និងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុន មុនពេលពួកគេត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ៕