WHO បានប្រកាសថាមនុស្សជិត១១,០០០នាក់ឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅលើពិភពលោក ក្រៅពីចិនក្នុងរយៈពេល២៤ម៉ោង

(បរទេស)៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានប្រកាសថា មនុស្សចំនួន ១០,៩៥៥នាក់ បានឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យសម្សិលមិញនេះនៅទូទាំងពិភពលោក (មិនគិតចំនួននៅចិន) ខណៈស្ថានការណ៍នៃការរីករាលដាល គឺកាន់តែអាក្រក់ខ្លាំងឡើងៗហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

បូកថែមតួលេខខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លងទូទាំងសកលលោកក្រៅពីចិន កើនឡើងរហូតដល់ ៧២,៤៦៩នាក់ ហើយប្រទេសដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុតនាពេលនេះគឺ អ៉ីតាលីមានអ្នកឆ្លងជាង ២៤,០០០ករណី, អ៉ីរ៉ង់ជាង ១៣,០០០ករណី, កូរ៉េខាងត្បូងជាង ៨,០០០ករណី និងអេស្ប៉ាញជិត ៨,០០០ករណី។ ដោយឡែកសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេស ក៏កំពុងបង្ហាញសញ្ញាឈានទៅរកភាពធ្ងន់ធ្ងរខ្លាំងផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមនុស្សសរុប ១៥៣,៥១៧នាក់ហើយបានឆ្លង COVID-19 នៅក្នុងបណ្តាប្រទេសចំនួន ១៤៤ នៅទូទាំងភពផែនដី ដែលមានប្រទេសផ្លូវការចំនួន ១៩៣ និងប្រជាជនសរុបជាង ៧ពាន់លាននាក់។ អង្គការសុខភាពពិភពលោក WHO បានអំពាវនាវឲ្យមនុស្សគ្រប់គ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ឲ្យបានខ្លាំងក្លាជាទីបំផុត ខណៈអគ្គលេខាធិការ UN បានប្រាប់ឲ្យគ្រប់ប្រទេស ធ្វើសង្គ្រាមដើម្បីកម្ចាត់ COVID-19 តែម្តង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open