ភរិយារបស់នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស(Pedro Sanchez) បានឆ្លង COVID-19
(ម៉ាឌ្រីដ)៖ រដ្ឋាភិបាលប្រទេសអេស៉្បាញទើបតែប្រកាសឲ្យដឹងថា ភរិយារបស់នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បានឆ្លង COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអេស៉្បាញបានបញ្ជាក់ដូច្នេះថា «ការធ្វើតេស្ត COVID-19 បានប្រព្រឹត្តទៅនៅវិមាន Moncloa សម្រាប់បុគ្គលដែលជិតស្និទ្ធបំផុតនឹងលោកនាយករដ្ឋមន្រ្តី ហើយភរិយាលោក គឺលោកស្រី ដូណា បេហ្គោណា ហ្គោម៉េស (Dona Begona Gomez) ក៏ត្រូវបានពិនិត្យឃើញថា មានផ្ទុក COVID-19»។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី និងលោកស្រី Gomez គឺមានស្ថានភាពសុខភាពល្អធម្មតា ប៉ុន្តែអ្នកទាំងពីរនឹងបន្តស្ថិតនៅក្នុងវិមាន Moncloa ហើយអនុវត្តតាមវិធានការការពារផ្សេងៗ ដែលរៀបចំឡើងដោយអាជ្ញាធរសុខាភិបាលអេស៉្បាញ។
គួរជម្រាបថា ក្រោយពីអ្នកឆ្លង COVID-19 បានកើនដល់៦,២៥០នាក់ អេស៉្បាញទើបតែបានប្រកាសបិទប្រទេសមួយផ្នែក ដែលវា ជាផ្នែកមួយនៃការដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១៥ថ្ងៃ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19៕