ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបង ២៣០០ នាក់

នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន ២,៣០០នាក់ ដែលក្នុងនោះមានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្តផងដែរ។ ពិធីសំណេះសំណាលនេះគឺធ្វើឡើងស្របពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យទន្លេខេត្តបាត់ដំបងដែលប្រព្រឹត្តិទៅចាប់ពីល្ងាចថ្ងៃទី ១៤-១៥ ខែ មិនា ល្ងាចថ្ងៃសៅរ៍នេះ។

ជាការចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយដែលបានអញ្ជើញវិលត្រឡប់មកកាន់ខេត្តបាត់ដំបង ដើម្បីអញ្ជើញចូលរួមបុណ្យទន្លេ ហើយបានឆ្លៀតពេលមកជួបសំណេះសំណាលជាមួយ បងប្អូននៅទីនេះ។ សម្ដេចតេជោ បានលើកឡើងពីប្រវត្តិខ្លះៗនៃខេត្តបាត់ដំបងដែលជាអតីតទីតាំងសមរភូមិដ៏ក្តៅ តែដោយសារនយោបាយឈ្នះ-ឈ្នះ គឺបានធ្វើអោយខេត្តមួយនេះទទួលបានសុខសន្តិភាព និង មានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។

សម្ដេចតេជោ បានលើកឡើងថា មកដល់ពេលនេះ អ្វីដែលយើងបង្កើតឡើងគឺសន្តិភាព និង ឯកភាពជាតិជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ សន្តិភាពលើដែនដីដែលធ្លាប់មានសង្គ្រាម ហើយក៏បានប្រែក្លាយទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងរីកចម្រើន។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអរគុណ និងកោតសរសើរ ដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ក្នុងខេត្តបាត់ដំបង ដែលបានខិតខំធ្វើអោយបាត់ដំបងទទួលបានការរីកចម្រើន សម្រេចបានសមិទ្ធផលធំៗ ដែលគឺជាការខិតខំទាំងមន្ត្រីនៅមូលដ្ឋាន និងមន្ត្រីចុះជួយពង្រឹងដែលដឹកនាំដោយសម្ដេចក្រឡាហោម ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានមានប្រសាន៍ជម្រាបអំពីស្ថានភាពជម្ងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានប្រកាសថាអឺរ៉ុបការគឺជាមជ្ឈមណ្ឌលនៃការផ្ទុះជំងឺឆ្លងកូវីដ១៩ ហើយស្ថានភាពនៃកូវីដ១៩នេះ បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយមិនមែនត្រឹមតែការប៉ះពាល់សេដ្ឋកិច្ចទេ គឺធ្វើអោយប៉ះពាល់ដល់គម្លាតយោបាយរវាងប្រទេស និងប្រទេសទៀតផង ។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ពីប្រទេសដែលកំពុងមានជំងឺឆ្លងដ៏គំហុគនេះ ក្រសួងសុខាភិបាលកម្ពុជាបានដាក់ការហាមឃាត់ប្រទេសចំនួន០៥មិនអោយឆ្លងចូលកម្ពុជាចំនួន៣០ថ្ងៃគិតចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ គឺរួមមាន ១)សហរដ្ឋអាមេរិក ២)បារាំង ៣)អាល្លឺម៉ង់ ៤)អេស្ប៉ាញ និងអ៊ី៥)ប្រទេសអ៊ីតាលី ។

ក្នុងពេលនោះដែរ សម្ដេចតេជោ បានលើកឡើងពីការគាំទ្ររបស់មិត្តចិនដល់កម្ពុជាក្នុងស្ថានភាពដ៏លំបាកនេះ ដែលមកដល់ពេលនេះមានកុងតឺណ័រជាង ១០០០ ដែលផ្ទុកវត្ថុធាតុដើមបានចូលមកផ្គត់ផ្គង់រោងចក្រនៅកម្ពុជាហើយ។

នៅក្នុងឱកាសសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្ត្រីខេត្តដែលត្រូវយកចិត្តទុកដាក់ធ្វើរួមមាន ៖
១)⁃ត្រូវអនុវត្តអោយបានល្អនូវការងារ ភូមិឃុំមានសុវត្ថិភាព និងត្រូវគ្រប់គ្រងកុំអោយមានក្រុមបងតូច បងធំ គ្រឿងញៀន ចោរកម្ម ។ល។ សូមអោយមន្ត្រីថ្នាក់ខេត្តរហូតថ្នាក់ភូមិ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។

២) ⁃ត្រូវរួមគ្នាផ្ដល់សេវាសាធារណៈអោយបានល្អជូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចការត្រូវតែធ្វើអោយបានល្អ ដោយចៀសមិនបាន ដែលក្នុងនេះមានសេវាចាំបាច់នានា(រួមមានការចុះបញ្ជីជាតិ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និងសេវាសុខភិបាលជាដើម)ដែលចាំបាច់ត្រូវតែធ្វើអោយប្រជាជន អោយបានល្អ និងរហ័សរួមទាំងសេវាតម្រូវការចាំបាច់នានា ដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងសេវាផ្នែកច្បាប់ ជាដើម.. គឺត្រូវចូលរួមផ្តល់ និងដោះស្រាយជូនប្រជាជនទៅតាមលទ្ធភាព។ សម្ដេចតេជោ ក៏បានណែនាំអោយអាជ្ញាធរយកចិត្តទុកដាក់ រួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លី អោយបានសមស្រប បានលឿន និងមានប្រសិទ្ធភាពខ្ពស់។

៣) សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ៗផងដែរថាមន្ត្រីទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រចាំថា “ យើងមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺយើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ហើយត្រូវយកយកចិត្តទុកដាក់បម្រើប្រជាជនអោយបានល្អ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open