ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការខេត្តបាត់ដំបងប្រមាណ ២,៣០០នាក់
(បាត់ដំបង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ស្អែកនេះ ក្នុងដំណើរអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៦ នៅលើទឹកដីខេត្តបាត់ដំបង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ការងារជូនដល់មន្ត្រីរាជការក្នុងខេត្តប្រមាណជា ២,៣០០នាក់។
ក្រៅពីនោះមន្ត្រីរាជការក្នុងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្ត ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាលដ៏កម្រនេះផងដែរ។
បើតាមលោកអភិបាលខេត្តបាត់ដំបង ប្រធានបទនៃកិច្ចសំណេះសំណាលមិនទាន់ដឹងនៅឡើយនោះទេ។ តែទោះជាយ៉ាងណាលោកអភិបាលខេត្ត បានបង្ហាញក្តីរីករាយ ដែលមន្ត្រីរាជការនៅទូទាំងខេត្តទទួលបានការផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម ពីសម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់កិច្ចសំណេះសំណាល និងឱវាទផ្សេងៗដោយផ្ទាល់។ លោក ងួន រតនៈ បានបន្ថែមថា ឱវាទ និងដំបូន្មានទាំងឡាយរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៅក្នុងជំនួប នឹងបានជាគតិបន្ថែមទៀតដល់មន្ត្រីរាជការក្នុងខេត្តបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍខេត្ត ក៏ដូចជាផ្តល់សេវាជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅថ្ងៃស្អែកនេះ ក្រៅពីការជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅពេលព្រឹកហើយនោះ នៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៦។ ខេត្តបាត់ដំបង ជាទឹកដីមានអំណោយផលខ្ពស់លើដំណាំកសិកម្ម ហើយត្រូវបានគេប្រសិទ្ធនាមជាខេត្តជង្រុកស្រូវនៅភាគពាយព្យនៃប្រទេសកម្ពុជាផងដែរ។
បាត់ដំបង ជាខេត្តមានវប្បធម៌ដ៏ចំណាស់មួយ ហើយក៏ជាខេត្តមានប្រវត្តិរឿងរ៉ាវយ៉ាងវែងអន្លាយមានទាំងឈឺចាប់ និងរីករាយ។ ខេត្តនេះ ក៏ជាខេត្តដែលរងគ្រោះពីវិបត្តិនៃភ្លើងសង្គ្រាមផងដែរ។ ដែនដីមួយភាគធំនៃខេត្តនេះ ទើបនឹងត្រូវបានបញ្ចប់ភ្លើងសង្គ្រាមពេញលេញនាចុងឆ្នាំ១៩៩៨ប៉ុណ្ណោះ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
មនុញ្ញផលកើតចេញពីសុខសន្តិភាព កំពុងធ្វើឱ្យខេត្តបាត់ដំបង ទទួលបានឱកាសអភិវឌ្ឍន៍ និងមានរីកចម្រើនគួរកត់សម្គាល់ផងដែរ។ ព្រោះតែមើលឃើញពីគុណតម្លៃនៃសុខសន្តិភាពនាំឱ្យមានការអភិវឌ្ឍនៅក្នុងខេត្តមួយនេះហើយ ទើបពិធីបុណ្យទន្លេនៅក្នុងខេត្តបាត់ដំបងត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។ ប្រធានបទនេះ គឺចង់បង្ហាញឱ្យឃើញថា មានសន្តិភាព ទើបនាំទៅដល់វិបុលភាព៕