Breaking News: កម្ពុជាសម្រេចបិទផ្លូវទឹកមិនអនុញ្ញាតឲ្យ នាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរទាំងអស់ចូលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ COVID-19
(ភ្នំពេញ)៖ កម្ពុជាបានសម្រេចផ្អាកការអនុញ្ញាតចូលនៃនាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេសដែលធ្វើដំណើរតាមនាវានោះ។ នេះបើតាមលិខិតរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងលិខិតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានការចាំបាច់ ក្នុងការបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជា ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី»។
ការសម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជានេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីមាននាវា Viking Cruise Journey មួយគ្រឿង បានចូលចត នៅក្នុងខេត្ដកំពង់ចាម និងបានរកឃើញភ្ញៀវទេសចរជាជនជាតិអង់គ្លេស ៣នាក់ មានផ្ទុកជំងឺឆ្លង COVID-19 ខណៈមនុស្សផ្សេងទៀតនៅលើនាវាដែលរួមដំណើរជាមួយកំពុងដាក់ឲ្យនៅដាច់ ដោយឡែកពីគេក្នុងសណ្ឋាគារមួយ នៃក្រុងកំពង់ចាម។
សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់ ៥នាក់។