វិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា មិនមានវត្តមាន COVID -19 ទេលើអ្នកជំងឺ សង្ស័យបញ្ជូនពីស្រុកបាភ្នំមកមន្ទីរពេទ្យខេត្តព្រៃវែង ពីរនាក់ម៉ែកូន

(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើតេស្តសុខភាព ដោយវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលបង្ហាញថា ប្រជាពលរដ្ឋ២នាក់ម្តាយ និងកូន ដែលមានអាការៈផ្តាសាយក្អក រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែងនោះ មិនមានមេរោគកូវីដ១៩ នោះទេ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ។

លោកស្រីបានបញ្ជាក់ដូច្នេះថា៖ «ករណីអ្នកជំងឺសង្ស័យបញ្ជូនពីស្រុកបាភ្នំមកសម្រាកនៅមន្ទីរពេទ្យខេត្តព្រៃវែង ដែលបានដាក់ឲ្យសម្រាកដាច់ដោយឡែក និងបានយកសំណាកទាំង២នាក់ម្តាយនិងកូន ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ នាពេលរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា អ្នកជំងឺទាំងពីរនាក់ម្តាយនិងកូន មិនមានវត្តមាន COVID-19 ទេ គឺគាត់មិនមានជំងឺ COVID-19 ទេ»

សូមបញ្ជាក់ថា នាថ្មីៗនេះ ប្រជាពលរដ្ឋ២នាក់ម្តាយកូន ដែលធ្លាប់មានទំនាក់ទំនងការងារជាមួយជនជាតិចិន បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយសង្ស័យថា ខ្លួនមានមេរោគកូវីដ១៩ ដោយសារតែមានអាការៈក្តៅខ្លួន និងផ្តាសាយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds