តុលាការបានចោទលោក កឹម សុខា តែម្នាក់គត់ ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្បត់ជាតិ មិនប៉ះពាល់អាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែមីនានេះ ដោយបញ្ជាក់ថា ក្នុងសំណុំរឿងក្តីក្បត់ជាតិរបស់​លោក កឹម សុខា គឺ​ព្រះរាជអាជ្ញា ​បាន​ចោទប្រកាន់​តែលើ​លោក កឹម សុខា ម្នាក់គត់ ដោយ​មិនប៉ះពាល់​អាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះឡើយ។

ការបញ្ជាក់ដូច្នេះ ដើម្បីឆ្លើយតបភ្លាមៗ ​នឹង​សេចក្តីថ្លែងការណ៍​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy ដែល​លើកឡើង នៅថ្ងៃទី១២ ខែមីនានេះ​ថា “​យើង​មានការ​រំខាន​ចិត្ត ដោយ​ខាង​ព្រះរាជអាជ្ញា បានលើកឡើង​នូវ​រឿង​មិន​ពិត ដែល​ត្រូវបាន​ប្រឌិត​ឡើង ទាក់ទង​នឹង​សហរដ្ឋអាមេរិក​”​។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​ក្តី​លើ​សំណុំរឿង ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ ក្រុម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ព្រះរាជអាជ្ញា ពុំបាន​ចោទប្រកាន់​ប៉ះពាល់​ទៅលើ​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះឡើយ​។​

​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​គូសបញ្ជាក់ថា នៅក្នុង​ដំណើរការ​ជំនុំជម្រះ​លើ​សំណុំរឿង​ក្តី​នេះ គឺមាន​សាធារណ​ជនជាតិ និង​អន្តរជាតិ​ជាច្រើន ចូលរួម​ស្តាប់ និង​សង្កេតការណ៍​គ្រប់ពេល​សវនាការ​។​

​សូម​រម្លឹកថា ចាប់តាំងពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ ជំនុំជម្រះ​លើ​សំណុំ​រឿងក្តី​របស់លោក​កឹម​សុខា ពាក់ព័ន្ធ​នឹង​បទ​ក្បត់ជាតិ​។ ក្នុង ១​សប្តាហ៍ តុលាការ​បើកសវនាកា​រ​ជំនុំជម្រះ ១​ថ្ងៃ​កន្លះ នៅថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍ ដោយ​លោក​កឹម ​សុខា ដែល​ស្ថិត​នៅក្រៅ​ឃុំ អមដោយ​ក្រុម​មេធាវី​របស់លោក បាន​ចូលរួម​សវនាការ តតាំង​ក្តី​រៀងរាល់​ពេល​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds