វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី បាន​អនុវត្ត​នូវ​វិធានការ​អនាម័យសម្រាប់​សិស្សានុសិស្ស របស់ខ្លួន

ភ្នំពេញ ៖ ​គ្រឹះស្ថានសិក្សា​កំពុង​បង្កើន​វិធានការ​អនាម័យ​សម្រាប់​សិស្ស​របស់ខ្លួន ​ដែលជា​ការ​ឆ្លើយតប​ទៅ​ នឹង​សេចក្ដីណែនាំ របស់​ក្រសួង​អប់រំ ​ក្នុងការ​រក្សា​អនាម័យ ទប់ស្កាត់​ ការឆ្លង​នូវ​វីរុស Covid-19​ ។ វិធានការ​អនាម័យ​នេះ គឺ​តម្រូវ​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ទូទាំង​ប្រទេស ​រៀបចំ​ការអនុវត្ត​ទូទាំង​ប្រទេស​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​របស់ខ្លួន​។

ក្នុងចំណោម​គ្រឹះស្ថានសិក្សា​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី ក៏បាន​អនុវត្ត​នូវ​វិធានការ​អនាម័យ សម្រាប់​សិស្សានុសិស្ស​យ៉ាង​តឹងរឹង​ផងដែរ​។ វិធានការ​អនាម័យ​នេះ ​គឺ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ចន្លោះ​ម៉ោង ៦.៣០​នាទី​ព្រឹក ​សម្រាប់​ម៉ោង​សិក្សា​ពេលព្រឹក និង​ម៉ោង​ប្រមាណ​ ១២.៤០​ថ្ងៃត្រង់ សម្រាប់​សិស្ស​ដែល​សិក្សា​វេន​ថ្ងៃ​។​ ការអនុវត្ត​វិធានការ​អនាម័យ​នេះ រាប់បញ្ចូល​ទាំង​ការ​វាស់​កម្ដៅ និង​ការ​លាង​សម្អាត​ដៃ​របស់​សិស្ស​ជាមួយ អាល់កុល​។​

សកម្មភាព​ទាំងនេះ ទទួល​បាន​គាំទ្រ​និង​ពេញចិត្ត​ជា​ខ្លាំង​សម្រាប់​សិស្ស​ដែល ​សិក្សា​នៅទីនេះ​ផ្ទាល់ ហើយ​ពួកគាត់​ក៏​សង្ឃឹម​ដែរ​ថា ​គ្រប់​គ្រឹះស្ថានសិក្សា​ទូទាំងប្រទេស ​អាច​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​វិធានការ​អនាម័យ ក្នុង​ការ​ទប់ស្កាត់ ​ការឆ្លង​នូវ​វីរុស Covid-19​។

ការដាក់ចេញ​ឱ្យ​អនុវត្ត​នូវ​វិធានការ​អនាម័យ​នេះ លោក ផាន់ ណិល នាយក វិទ្យាល័យ​ជាស៊ីម​សាមគ្គី​លើកឡើងថា ​គឺជា​ការ​ឆ្លើយតប​ទៅនឹង​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ​ និង​ជា​ការ​គិតគូរ ​ដល់​សុខភាព​សិស្ស ជាពិសេស​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​វីរុស Covid-19​។

ថ្មីៗ​កន្លងមកនេះ ​ក្រសួង​អប់រំ ក៏​បានចេញ​សេចក្ដីណែនាំ ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​ចាត់​វិធានការ​អនាម័យ ដោយ​រាប់បញ្ចូល​ទាំង​ការសាងសង់​កន្លែង​ដៃ​ ការតម្រូវ​ឱ្យ​សិស្ស​លាង​សម្អាត​ដៃ​ជាប្រចាំ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​។ ក្នុងនោះ​ ក៏​តម្រូវឱ្យ​គ្រឹះ ​ស្ថាន​សិក្សា​ត្រូវ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ មណ្ឌល​សុខភាព ​រឺ​មន្ទីរពេទ្យ​ដែល​នៅ​ជិត ​ដើម្បី​តាមដាន​សុខភាព​សិស្ស​ផង​ដែរ​៕អត្ថបទ៖គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds