ក្រុមហ៊ុនហោះហើរ American និង Delta កាត់បន្ថយការហោះហើរ ដោយសារការធ្លាក់ចុះនៃចំនួនអ្នកដំណើរដែលភ័យខ្លាចការឆ្លងជំងឺ COVID-19
(New York)៖ វីរុស COVID-19 កំពុងខាំត្របាក់ញីញក់ឧស្សាហកម្មអាកាសចរណ៍របស់សហរដ្ឋអាមេរិក រហូតធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ធំបំផុតពីររបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន American និង Delta បានប្រកាសកាត់បន្ថយយ៉ាងគំហុក នូវកាលវិភាគហោះហើរទាំង អន្តរជាតិ និងនៅក្នុងស្រុក។
American ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតនៅលើពិភពលោកបាននិយាយថា ខ្លួននឹងកាត់បន្ថយសមត្ថភាពហោះហើរអន្ដរជាតិរបស់ខ្លួន ចំនួន១០ភាគរយនៅរដូវក្តៅនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា ខ្លួននឹងកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនចន្លោះពី ២០% ទៅ ២៥% និងកាត់ជើងហោះហើរក្នុងស្រុកពី ១០% ទៅ ១៥%៕