ដូណាល់ ត្រាំ ផ្ញើលិខិតផ្លូវការជូនសម្តេចតេជោ ហ៊ុន សែន ជូនដំណឹងអំពីការពន្យារពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារលិខិតផ្លូវការមួយជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់អំពីមូលហេតុ និងផលវិបាក ដែលនាំឱ្យមានការពន្យារពេលកិច្ចប្រជុំអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ២០២០នេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងសារលិខិតរបស់ខ្លួន លោកដូណាល់ ត្រាំ បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានទទួល យកការអញ្ជើញរបស់លោក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឡាសវេហ្គាស រដ្ឋនេវ់ាដា សហរដ្ឋអាមេរិក។ លោកបានទន្ទឹងរង់ចាំ ឱកាសនេះ ដើម្បីជួយជំរុញភាពជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន-អាមេរិក។អាស៊ានគឺជាស្នូល នៃទស្សនៈវិស័យរបស់លោក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបើកចំហ និងសេរី ហើយប្រជាជនអាស៊ាននិងសហរដ្ឋអាមេរិកប្រមាណ ១ពាន់លាននាក់ ត្រូវបានផ្សារភ្ជាប់គ្នា ដោយទំនាក់ទំនងសេដ្ឋកិច្ច និងមានតម្លៃរួម។
លោក ដូណាល់ ត្រាំ បានបញ្ជាក់បន្តថា «ជាអកុសលយើងត្រូវតែពន្យារពេល កិច្ចប្រជុំកំពូលនេះ ដោយមើលឃើញពីហានិភ័យជាសកល ដែលបង្កឡើងដោយការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចឯកភាពដោយផ្ដោតការយកចិត្តទុកដាក់របស់យើងនៅពេលនេះ នូវការសម្របសម្រួលការឆ្លើយតបជាសកល ដែលការពារ និងធានាសុខភាព និងសុវត្ថិភាពរបស់ប្រជាជនយើង»។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។
ទោះបីជាមានការវិភាគផ្សេងៗគ្នា ចំពោះការពន្យារពេលរបស់សហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងខែមីនានេះក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែជឿជាក់ថា មូលហេតុចម្បងនៃការពន្យារពេលនេះ គឺដោយសារតែការប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងសហរដ្ឋអាមេរិក តែម្តង៕
ខាងក្រោមនេះជាសារលិខិតរបស់លោកប្រធានាធិបតីអាមេរិក៖