កម្ពុជាបានត្រៀមថវិកាប្រមាណ ៨០០ ទៅ ២,០០០ លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ ២,០០០លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ បងប្អូនត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើបងប្អូនមានអាការៈសុខភាពខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការអោយបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន។

ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗរួមទាំងជំងឺកូរីឌ-១៩ បងប្អូនត្រូវតែមានអនាម័យរស់នៅល្អទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់ធ្វើអនាម័យជាប្រចាំបែបនេះ នឹងធ្វើអោយប្រទេសយើងក្លាយទៅជាប្រទេសដែលមានប្រជាពលរដ្ឋមានអនាម័យគ្រប់ៗគ្នាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds