អាជីវករផ្សារប៉ាហ៊ីជើង(ផ្សារជាងអូន) ផ្ទុះការតវ៉ាជាថ្មី រឿងភាស៊ីផ្សារ ថ្លៃទឹក និងផ្ទះជួល រហូតអាជ្ញាធរក្រុង ចុះមកដោះស្រាយឲ្យ តែមិនសម្រេច ដោយអ្នកគ្រប់គ្រង់ផ្នែកនេះដើរចេញពីតុដោះស្រាយ
(ប៉ៃលិន)៖អាជីវករផ្សារប៉ាហ៊ីជើង ហៅផ្សារជាងអូនជាច្រើននាក់ បាននាំគ្នាផ្ទុះការតវ៉ាសារជាថ្មី ដោយសារតែរឿងដដែលៗ ពាក់ព័ន្ធអ្នកដេញថ្លៃយកភាស៊ី ទឹក ភ្លើង និងផ្ទះជួល នៅផ្សារខាងលើ បិទទឹក មិនឲ្យអាជីវករប្រើប្រាស់ និងការយកថ្លៃភាស៊ី លើសសៀវភៅបន្ទុក ព្រមទាំងប្រើសំដីម៉ាកងាយដល់អាជីវករ និងគំរាមមិនលក់ដូរបន្ត រហូតដល់ផ្អើលដល់អាជ្ញាធរក្រុងប៉ៃលិន និងមន្ត្រីសាលាខេត្ត ចុះមកអន្តរាគមន៍ដោះស្រាយ ប៉ុន្តែមិនបានជោគជ័យ ដោយសារតែកំពុងដោះស្រាយ សា្រប់តែអ្នកគ្រប់គ្រងផ្នែកយកភាស៊ី ទឹក ភ្លើង ដើរចេញពីតុដោះស្រាយ ដោយមិនទុកមុខឲ្យអាជ្ញាធរក្រុងប៉ៃលិន នោះឡើយ ។ ហេតុការផ្ទុះការតវ៉ានេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្សារខាងលើ ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មាន ពីអាជីវករ បាននាំគ្នាលើកឡើងនៅចំពោះមុនអាជ្ញាធរក្រុងប៉ៃលិន ក្នុងការដោះស្រាយ នៅព្រឹកថ្ងៃទី០៥ នេះថា៖ នៅព្រឹកនេះ ឈ្មោះជាងអូន ជាអ្នកដេញថ្លៃយកភាស៊ី ទឹក ភ្លើង និងផ្ទះជួល បានមកបិទទឹក និងមិនដាក់ឆ័ត្រ ឲ្យពួកគាត់ប្រើប្រាស់នោះទេ ដោយបុគ្គលនេះ(ជាងអូន) ថាមិនបង់ថ្លៃទឹកប្រចាំខែឲ្យគេ ប៉ុន្តែពួកគាត់ បានបង់គ្រប់ចំនួន តាំងពីដើមខែមកម្លេះ មិនដែលឲ្យខ្វះនោះឡើយ មិនត្រឹមប៉ុណ្ណោះ ការយកថ្លៃភាស៊ីអនាម័យ ទឹក ភ្លើង និងផ្ទះជួល គឺឈ្មោះជាងអូននេះ តែងតែយកលើសចំនួនកំណត់ក្នុងសៀវភៅបន្ទុកទៀតផង ។ ពួកគាត់ បានបន្តថា៖ មួយថ្ងៃៗក្រុមការងារ របស់ជាងអូន(អ្នកគ្រប់គ្រងភាស៊ីផ្សារខាងលើ) តែងតែដើទារភាស៊ីរាល់ថ្ងៃ ប្រសិនជាតូបណា ដែលមិនលក់ដូរ គឺត្រូវបង់ឌុប បើមិនឲ្យគេ គឺគេមិនឲ្យលក់នោះទេ ចំណែកក្នុងផ្សារទាំងមូល មិនមានកន្លែងផ្ញើរម៉ូតូស្រួលបួលនោះដែរ គឺគេយកផ្លូវដើរក្នុងផ្សារ ធ្វើជាកន្លែងផ្ញើរម៉ូតូ ដែលជាហេតុធ្វើឲ្យស្ទះផ្លូវ ចង្អៀតក្នុងធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ពួកគាត់បញ្ជាក់ដែរថា៖ ក្នុងផ្សារទាំងមូលគ្មានសន្តិសុខសំរាប់យាមយប់នោះទេ ដោយកន្លងមក តូបពួកគាត់មួយចំនួន ត្រូវបានចោរគាស់លួចទ្រព្យសម្បត្តិអស់ជាច្រើន និយាយរួមក្នុងផ្សារ សូម្បីតែប្រព័ន្ធលូបង្ហូរទឹក ក៍មិនមានគ្រប់គ្រាន់ឡើយ ពេលភ្លៀងមកម្តងៗ គឺទាំងអ្នកទិញ និងអ្នកលក់ ពិបាកខ្លាំងបំផុត ដែលមិនអាចនិយាយបាន ។ ជាមួយគ្នានេះ ពួកគាត់ ក៍បានស្នើសុំឲ្យមានការដកប្រធានគ្រប់គ្រងផ្នែកយកភាស៊ីឈ្មោះ ជាងអូន ចេញពីផ្សារខាងលើ បើមិនដូច្នោះទេ ពួកគាត់និងនាំគ្នាដើរចេញ មិនលក់ដូរនៅផ្សារនេះទៀតឡើយ។
ចំណែកអ្នកគ្រប់គ្រង់ការយកថ្លៃភាស៊ី ទឹក ភ្លើង និងផ្ទះជួល នៅផ្សារខាងលើឈ្មោះ រស់ លីអូន ហៅជាងអូន បានប្រកែកថាមិនយកឲ្យលើសសៀវភៅបន្ទុកនោះទេ ហើយក៍ងើបចេញពីតុដោះស្រាយ ដោយមិនខ្វល់ពីអាជ្ញាធរក្រុងប៉ៃលិន និងមន្ត្រីអន្តរវិស័យសាលាខេត្តប៉ៃលិន ចុះដោះស្រាយឡើយ ។
ពាក់ព័ន្ធបញ្ហានេះដែរ ត្រូវបានលោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិន ដែលចូលរួមដោះស្រាយជូនអាជីវករ នៅព្រឹកនេះលើកឡើង ដោយក្រើនរំលឹកដល់អាជីវករទាំងអស់ រឿងផ្សារយកថ្លៃភាស៊ី ទឹក ភ្លើង និងផ្ទះជួល ត្រូវឲ្យគេ តាមសៀវភៅបន្ទុក មិនអាចឲ្យលើសបានទេ បើគេទារលើសសៀវភៅបន្ទុក កុំឲ្យ ព្រោះវាខុសច្បាប់កំណត់ផងដែរ ជាមួយនេះរូបលោក ក៍មិនទាន់អាចដោះស្រាយជាប់ដែរពាក់ព័ន្ធករណីនេះ ព្រោះឈ្មោះជាងអូន អ្នកគ្រប់គ្រងលើផ្នែកនេះដើរចេញពីតុដោះស្រាយផងដែរ ៕