កម្ពុជាច្បាស់ណាស់៖ មនុស្ស២៧៤នាក់ហើយ ដែលបានធ្វើតេស្តរកវីរុសកូវីដ-១៩ តែអវិជ្ជមានទាំងអស់
(ភ្នំពេញ)៖ កម្ពុជាមិនទាន់រកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ បន្ថែមនោះទេ ក្រៅតែពីបុរសជនជាតិចិនវ័យ៦០ម្នាក់ ដែលរកឃើញថា ផ្ទុកវីរុសនេះ កាលពីចុងខែមករាកន្លងទៅ តែបានជាសះស្បើយឡើងវិញ និងបានចាកចេញពីមន្ទីរពេទ្យនៅដើមខែកុម្ភៈ បន្ទាប់មក ក៏បានចាកចេញពីកម្ពុជាទៅប្រទេសខ្លួនវិញ។
បើតាមការផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងលើបណ្តាញសង្គមហ្វេសប៊ុកថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ មានមនុស្ស២៧៤នាក់ហើយ ដែលបានទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រោយសង្ស័យពីការឆ្លងវីរុសកូវីដ ប៉ុន្តែលទ្ធផល គឺសុទ្ធតែអវិជ្ជមាន-១៩។ ដោយឡែកអ្នកទេសចរជាង២ពាន់នាក់ដែលជិះនៅក្នុងកប៉ាល់ Westerdam ដែលបានចាកចេញពីកម្ពុជាកន្លងទៅក៏មិនមានវីរុសកូវីដ-១៩ដែរ។
សូមបញ្ជាក់ថា ទោះបីជាមិនទាន់រកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ បន្ថែម ប៉ុន្តែកម្ពុជាក៏បានរៀបចំក្រុមគ្រួពេទ្យតាមព្រំដែន ដើម្បីឃ្លាំមើលអ្នកដំណើរចេញចូលនៅតាមព្រំដែនគោក ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និង អាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ តាមរយៈម៉ាស៊ីនស្ទង់កម្តៅ និងពិនិត្យសុខភាព។ កាលណា ពលរដ្ឋសង្ស័យលើអាការណាមួយដែលស្រដៀងនឹងរោគសញ្ញាកូវីដ-១៩ អាចទាក់ទងទៅទូរសព្ទលេខ១១៥ ដោយមានក្រុមមន្ត្រីជំនាញ១០រូបរង់ចាំំទទួលការហៅចូលនិងបំភ្លឺចំពោះចម្ងល់៕