ក្មេងប្រុសស្រី២នាក់ បានស្លាប់ ក្នុងអគ្គិភ័យឆេះផ្ទះនៅជិតផ្សារកអណ្តើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
(ព្រៃវែង)៖ មានអគ្គិភ័យមួយឆាបឆេះផ្ទះជុសជុលម៉ូតូនៅជិតផ្សារករណ្តើត កាលវេលាម៉ោង១២៖៤៥នាទីថ្ងៃទី២ ខែមីនា ឆ្នា២០២០នេះ នៅចំណុចភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពងត្របែក ខេត្តព្រៃវែង បានបណ្តាលឱ្យក្មេងប្រុសម្នាកស្លាប់នៅក្នុងភ្នក់ភ្លើង និងបណ្តាលឱ្យរងរបួស ៣នាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។
នគរបាលស្រុកកំពង់ត្របែក បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះរបស់ឈ្មោះ ឈួ ស្រ៊ុន អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានបណ្តាលឱ្យខ្លោចជញ្ជាំងអ្នកជិតខាង តែមិនបណ្តាលឱ្យឆេះនោះទេ ដោយសមត្ថកិច្ចចេញរថយន្តពន្លត់ ទាន់ពេលទប់ស្តាត់បាន។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងករណីនេះ ធ្វើឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះ ឈួ ម៉េងជឺ ភេទប្រុស អាយុ៥ឆ្នាំ , របួសស្រាល ២នាក់ ក្នុងនោះម្នាក់ជាម្ដាយ និងធ្ងន់ម្នាក់ឈ្មោះ ឈួ សៀវអេង ភេទស្រី អាយុ២ឆ្នាំ (ជាកូនបង្កើតរបស់ឈួ ស្រ៊ុន ផ្ទះដើមហេតុ) ប៉ុន្តែជាអកុសល បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្នុងករណីនេះដែរ បានចូលរួមសហការឡានទឹកចំនួនបួនស្រុក មានឡានទឹករបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកព្រះស្តេច និងអធិការដ្ឋានស្រុកស្វាយជ្រុំ។
ចំពោះហេតុការណ៍នេះមូលហេតុ បើតាមការបំភ្លឺពីសាក្សីផ្ទះជាប់គ្នាបានឲ្យដឹងថា បណ្តាលមកពីម្ចាស់ផ្ទះកើតហេតុ ធ្វើម៉ូតូរោទិ៍ទៅឆាបឆេះដបសាំងផ្ទះរបស់គាត់ផ្ទុះជាអណ្តាតភ្លើងតែម្តង៕