សម្តេចតេជោ ហ៊ុន សែន៖ មូលហេតុលើកពេលកិច្ចប្រជុំអាម៉េរិក-អាស៊ានរបស់អាម៉េរិក ដោយសារកូវីដ-១៩ ជាហេតុផលសមស្រប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការលើកពេលកិច្ចប្រជុំអាម៉េរិកអាស៊ាន របស់សហរដ្ឋអាម៉េរិក ដោយសារបញ្ហាវីរុស Covid-19 គឺជារឿងសមស្របពេលមួយ ទោះបីមានការវិភាគជាច្រើនខុសៗគ្នាក្តី។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងការលើកពេលកិច្ចប្រជុំនេះ មានតែអាម៉េរិក និងមន្រ្តីអាម៉េរិកនោះទេទើបដឹងច្បាស់ ប៉ុន្តែសម្រាប់សម្តេច សម្តេចយល់ការលើកពេលដោយសារ Covid-19 គឺជារឿងសមស្រប ដែលគួរតែលើកពេលនៅពេលបញ្ហាកូរ៉ូណានោះ។ ការគ្រប់គ្រងកូរ៉ូណាជាការចាំបាច់ ហើយការជូបប្រជុំនេះ អាចធ្វើនៅពេលក្រោយក៏មិនមានបញ្ហា។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការវិភាគណាមួយដែលបានលើកឡើងថាការលើកពេលកិច្ចប្រជុំអាម៉េរិក-អាស៊ាននេះ ដោយសារថ្នាក់ដឹកនាំ ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មិនចូលប្រជុំនោះ គឺមិនសមហេតុផលទេ ពីព្រោះអាម៉េរិក បានឲ្យតម្លៃចំពោះទំនាក់ទំនងអាស៊ាន-អាម៉េរិក។ សម្តេចបានគូសបញ្ជាក់ថា អាម៉េរិកមានឆន្ទៈពិតប្រាកដ ក្នុងការរៀបចំកិច្ចប្រជុំនេះ ពីព្រោះ ប្រធានាធិបតីអាម៉េរិក បានខនខានចូលរួមប្រជុំជាមួយអាស៊ានច្រើនឆ្នាំមកហើយ។

ការលើកពេលកិច្ចប្រជុំអាម៉េរិក អាស៊ានពេលនេះ បានធ្វើឲ្យគម្រោងកម្មវិធី និងដំណើរទស្សនកិច្ចរបស់សម្តេចនាយកនៅក្រៅប្រទេសមួយចំនួន ត្រូវបានលុបចោលផងដែរ ហើយសម្តេចនឹងយកពេលវេលានោះ មកចូលរួមកម្មវិធីក្នុងស្រុកវិញ មានដូចជាកម្មវិធីបុណ្យទន្លេនៅខេត្តបាត់ដំបង ជាដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open