ឯណាទៅភូមិឃុំមានសុវត្តិភាព!! ស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពច្របាច់ក.នាងយ៉ាងកម្រោលគម្រាមយក ខ្សែក.ពេជ្របានសម្រេច
(កំពត)៖ ករណីច្របាច់កស្ត្រីម្នាក់ប្លន់យក ខ្សែករពេជ្រ ស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណហក់មកធ្វើសកម្មភាពច្របាច់កនាងយ៉ាងកម្រោលគម្រាមយកខ្សែករពេជ្រ១ខ្សែបានសម្រេច កាលវេលាម៉ោងប្រមាណ 9:16នាទីយប់ថ្ងៃសុក្រ ទី២៨ ខែកុម្ភ: ឆ្នាំ២០២០។
តាមការលើកឡើងពីស្រ្តីជនរងគ្រោះឈ្មោះ សួន ចន្ធី មានមុខរបរលក់មាសនៅផ្សារសាមគ្គីខេត្តកំពត ទីលំនៅបច្ចុប្បន្ន ភូមិកំពង់បាយខាងជើង ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់អំពីហេតុការណ៍ខាងលើទាំងអស់នោះថា៖ ដំបូងឡើយនាង និងស្វាមីបានទៅចូលរួមពិធីមង្គលសិរីរបស់បងប្អូនជីដូនមួយនាងតាមការអញ្ជើញដែលមានទីតាំងជាប់នឹងវត្តពោធិ៍ជុំ ភូមិបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។
តាមការលើកឡើងរបស់ស្ត្រីរងគ្រោះដដែលបន្ទាប់ពីនាង និងស្វាមីញុំាការរួចនាងបានចេញមកខាងក្រៅរោងការពីរនាក់ស្វាមីមានគោលបំនងត្រលប់ទៅគេហដ្ឋានវិញ ស្ត្រីរងគ្រោះបានទៅប្តូរសម្លៀកបំពាក់នៅក្នុងវត្តជាប់នឹងរោងការ ឯស្វាមីរបស់នាងបានដើរសំដៅទៅរថយន្តមុន។ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យចំនួន០២នាក់មិនស្គាល់មុខធ្វើសកម្មភាពហក់ច្របាច់ករនាងគម្រាមសម្លាប់យកខ្សែករពេជ្រ១ខ្សែ តម្លៃ$ 12,000ដុល្លាអាមេរិករត់បាត់ស្រមោលបានសម្រេចតែម្តង។ ខណ:នោះជនរងគ្រោះខំស្រែកឲ្យប្តី និងប្រជាពលរដ្ឋជួយ តែទោះបីនាងខំត្រដរស្រែកក៏ដោយគ្មានអ្នកណាឮដែរព្រោះសម្លេងតន្ត្រីធុងបាស់លាន់ឮរំពងខ្លាំងពេក។
តាមសម្តីប្រជាពរដ្ឋមួយចំនួននៅក្នុងហេតុការណ៍ដែលរស់នៅម្តុំនោះបានលើកឡើងថា៖ ពួកគាត់ឃើញជនសង្ស័យទាំងនោះរត់ឡើងរថយន្តពណ៌ខ្មៅ១គ្រឿងមិនស្គាល់ម៉ាកធ្វើសកម្មភាពបើករថយន្តរត់បាត់ស្រមោលឈឹងតែម្តង។ ភ្លាមៗនោះផងដែរមានមន្ត្រីប៉ូលីស នគរមូលដ្ឋានឃុំដំបូកខ្ពស់ចុះមកធ្វើកំណត់ហេតុ និង រៀបចំនីតិវិធីបណ្តឹងឲ្យជនរងគ្រោះក្នុងយប់នោះតែម្តង។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានតម្រុយណាមួយពីជនសង្ស័យនូវឡើយទេ៕(ដោយ៖ ស៊ាងម៉ី)