លោក ពេជ្រ ស្រស់៖ ខ្យល់គរ ឬ Corona មិនសំខាន់ទេ អ្វីដែលសំខាន់នោះគឺព័ត៌មានពិត
(ព្រះសីហនុ) ៖ ក្រោយពីក្រសួងសុខាភិបាលបានច្រានចោលចំពោះព័ត៌មាន ដែលចោទថា បុរសជនជាតិចិនដួលស្លាប់ នៅខេត្តព្រះសីហនុ ដោយជំងឺCovid-19នោះ រដ្ឋបាលខេត្តព្រះសីហនុ បានបន្ថែមជុំវិញករណីនេះ ដោយបញ្ជាក់ថា ជនជាតិចិនដែលស្លាប់ គឺដោយសារជំងឺបេះដូង មិនមែនមកពីជំងឺ COVID-19 ដូចការផ្សាយបំភ្លៃនោះឡើយ។ បើយោងតាមប្រភពពី លោក ឃាង ភារិម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ដេកស្លាប់ នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានលោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់យោបល់ឲ្យរាជរដ្ឋាភិបាល ថា ៖ ខ្យល់គរ ឬ Corona មិនសំខាន់ទេ អ្វីដែលសំខាន់នោះគឺព័ត៌មានពិត ដូច្នេះ រដ្ឋាភិបាលកម្ពុជា មិនបាក់មុខទេបើគ្រាន់តែផ្តល់នូវព័ត៌មានពិតអំពី Corona នោះ ផ្ទុយទៅ វិញវាជាការបង្កើនការប្រុងប្រយត្ន័ដើម្បីការពារមេរោគCoronaកុំឲ្យឆ្លងមកលើពលរដ្ឋខ្មែររបស់យើង៕