ហេតុអ្វី លោកដូណាល់ ត្រាំ ពន្យារពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក?

(ភ្នំពេញ)៖ លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានក្យូដូរបស់ជប៉ុន បានបង្ហាញនូវចំណាប់អារម្មណ៍ និងការវិភាគត្រួសៗ ទាក់ទងទៅនឹងការពន្យារពេលនៃកិច្ចប្រជុំអាស៊ាន-អាមេរិកនាពេលខាងមុខ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
លោក ពុយ គា បានសរសេរនៅលើគេហទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ« ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមិនា ខាងមុខនេះ ដោយការបារម្ភពីជំងឺខូវីដ១៩។ ព័ត៌មាននេះបានធ្វើឲ្យមេដឹកនាំអាស៊ានខកចិត្ត និងហួសចិត្តស្ទើរថ្លែងពុំបាន។

ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០១៧ នេះជាលើកទី៣ហើយដែលលោកត្រាំបានធ្វើឲ្យមេដឹកនាំអាស៊ានមិនសប្បាយចិត្តជាបន្តបន្ទាប់ ជុំវិញការសម្រេចិត្តរបស់គាត់ដែលមេដឹកនាំអាស៊ាននឹកស្មានមិនដល់ថាគាត់ធ្វើទៅរួច។

អាចចោទសួរថា តើត្រាំចំណេញអ្វីពីការពន្យាពេលដោយឯកតោភាគីនេះ?

អាចជាយុទ្ធសាស្រ្តមួយរបស់ត្រាំដើម្បីសំពងចិន និងធ្វើឲ្យពិភពលោកសម្លឹងមើលចិនថារឿង Covid-19 ជារឿងធំណាស់ ដែលត្រូវហ៊ុព័ទ្ធចិននៅពេលនេះ ពោលគឺជាន់ពន្លិចសេដ្ឋកិច្ចចិនតែម្តង ។ ទីពីរ បន្ទាប់ពីមានមេដឹកនាំអាស៊ាន៣រូបតថ្លៃជាមួយត្រាំ៖ ទី១. លោក មហាធៀ ម៉ាឡេស៊ី ថាអត់ទៅជួបមុខត្រាំទេ អត់ចូលចិត្តត្រាំ។ ទី២. លោក ឌុយតែតេ ហ្វីលីពីន ថាអត់ទៅអាមេរិកទេ ដោយសារតែអាមេរិកបដិសេធមិនផ្តល់ទិដ្ឋិការចូលអាមេរិក (visa to America) ដល់អតីតមេប៉ូលីសរបស់គាត់ បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា ។ ទី៣. លោក ចូកូវី ឥណ្ឌូណេស៊ី បានតថ្លៃជាមួយត្រាំឲ្យអញ្ជើញគាត់ទៅទស្សនកិច្ចផ្លូវរដ្ឋក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ចៀសវាងរៀបចំពេលក្រោយដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើនជើងទៅអាមេរិក តែត្រាំអត់ឆ្លើយ ។ សរុបមក ដោយសារកំរិតមេដឹកនាំកំពូលអាស៊ាន៣ប្រទេសមិនទៅចូលរួមប្រជុំ ធ្វើឲ្យត្រាំ មិនសប្បាយចិត្ត តែលោកត្រាំប្រហែលភ្លេចគិត ឬមិនបានគិតដល់មេដឹកនាំអាស៊ានទាំង១០ខឹងគាត់ប៉ុណ្ណាទេនៅពេលដែលគាត់មិនមកប្រជុំនៅទីក្រុងបាងកកកាលពីខែវិច្ឆិកាកន្លងទៅ» ។

លោកពុយគា បានបន្តទៀតថា «តើអាស៊ានយល់យ៉ាងណាចំពោះត្រាំ? ទោះជាមិនទាន់មានប្រតិកម្មជាផ្លូវការ ឬក៏នឹងមិនមានចេញសេចក្តីថ្លែងការណ៍ណាមួយផ្លូវការពីអាស៊ាន តែមតិខាងក្រៅអាចមានការគិតគូរខ្លះៗចំពោះឥរិយាបទរបស់ត្រាំ៖

-ត្រាំអាចគិតថា អាស៊ានមិនសំខាន់ណាស់ណាសម្រាប់គាត់ទេ តែជាដៃគូរកំដរកំសាន្តលេងសប្បាយមួយពេលៗ ដូចស្រីស្នេហ៍នៃរឿងក្រៅឆាករបស់បុរសក្នុងសម័យហ្វេសប៊ុក
-ត្រាំខ្វះការគោរពឬមិនឲ្យតម្លៃដល់មេដឹកនាំអាស៊ាន

បើគិតពីផលចំណេញសម្រាប់ត្រាំវិញ ដូចជាគ្មានអ្វីជាដុំកំភួនក្រៅពីផលប្រយោជន៍អាមេរិកជាចំបង ហើយរំពឹងថានឹងជាប់ឆ្នោតម្តងទៀតនោះឡើយ ។

តាមការប៉ាន់ប្រមាណត្រួសៗ អាមេរិកទទួលបានផលចំណេញពីថ្លៃ visa មិនតិចជាងកន្លះលានដុល្លារឡើយ (យកទទេ) ពីសមាជិកប្រតិភូពីបណ្តាប្រទេសអាស៊ានទាំង១០ ក្នុងនោះរួមទាំងថវិការខ្ញុំ១៦០ដុល្លារផងដែលបានបង់រួចទៅហើយស៊ីដាច់បាត់» ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds