អ្នកស្លាប់ដោយសារ COVID-19 នៅអ៉ីរ៉ង់ កើនដល់ ២១០នាក់, រដ្ឋាភិបាលអ៉ីរ៉ង់ចោទថា ជាតួលេខបំផ្លើស!
មន្ទីរពេទ្យមួយនៅអ៉ីរ៉ង់បានរាយការណ៍ឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ២១០នាក់បានស្លាប់ ដោយសារជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសអ៊ីរ៉ង់។ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់ឯណោះវិញ បានច្រានចោលនូវរបាយការណ៍នេះ ដោយបានលើកឡើងថា អ្នកស្លាប់ពិតប្រាកដមានត្រឹមតែ ៣៤នាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព៍ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
តាមប្រភពដដែលនេះបានគូសបញ្ជាក់ទៀតថា ជនរងគ្រោះភាគច្រើនខាងលើ គឺមកពីរដ្ឋធានីតេអេរ៉ង់ និងខេត្តកុម (Qom) ដែលជាកន្លែងផ្ទុះឡើងនៃជំងឺនេះ ជាលើកដំបូងនៅប្រទេសអ៊ីរ៉ង់។ ជាការកត់់សម្គាល់ តួលេខអ្នកជំងឺស្លាប់ ២១០នាក់ ដែលបានផ្តល់ដោយប្រព័ន្ធសុខាភិបាលក្រៅរដ្ឋាភិបាលខាងលើ គឺមានអត្រាខ្ពស់ជាង ៦ដង នៃតួលេខដែលបានផ្តល់ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃសុក្រម្សិលមិញ ដែលមានត្រឹមតែ ៣៤នាក់ប៉ុណ្ណោះដែលបានស្លាប់នៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងសុខភាបាលអ៊ីរ៉ង់ លោក ឃីយ៉ានួស ហ្សាហាន់ភើ (Kianoush Jahanpour) នៅតែអះអាងថា តួលេខអ្នកស្លាប់ដែលបានរាយការណ៍ដោយក្រសួង គឺជាតួលេខត្រឹមត្រូវ និងមានតម្លាភាព។ ជាមួយគ្នានេះលោកក៏បានចោទប្រកាន់ថា សារព័ត៌មាន BBC បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
ការអះអាងផ្ទុយគ្នារវាងភាគីទាំងពីរខាងលើ វាបានកើតឡើងបន្ទាប់ពីអ្នកដំណាងរាស្រ្តម្នាក់មកពីខេត្តក៉ុម (Qom) បានចោទប្រកាន់អាជ្ញាធរអ៉ីរ៉ង់ថា បានបិទបាំងព័ត៌មានពិត ខណៈសហរដ្ឋអាមេរិកឯណោះវិញ ក៏បានសម្តែងការព្រួយបារម្ភថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងមិនចែករំលែកព័ត៌មានពិតនោះដែរ។
គួរជម្រាបផងដែរថា ប្រទេសអ៊ីរ៉ង់មានអត្រាអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់បំផុតនៅបន្ទាប់ចិន ហើយបានក្លាយជាចំណុចស្នូលថ្មី នៃការរីរករាតត្បាតជំងឺនារយៈប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាផ្លូវការតួលេខនៃអ្នកឆ្លង COVID-19 នៅអ៊ីរ៉ង់គឺមាន ៣៣៨នាក់ ប៉ុន្តែចំនួនពិតប្រាកដអាចឈានដល់ ២៣,០០០នាក់ នេះបើតាមក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យកាណាដាតូរ៉ុនតូ (Toronto) និងកាសែត The Wall Street Journal របស់សហរដ្ឋអាមេរិក៕