ក្រសួងសុខាភិបាល ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជនបង្ហោះបំពុលសង្គមថា មានជំងឺកូរ៉ូណាកើតឡើងក្នុងប្រទេសកម្ពុជា មកផ្តន្ទាទោសតាមច្បាប់

(ភ្នំពេញ)៖ បន្ទាប់ពីមានវីដេអូមួយបង្ហោះលើក Facebook ស្រែកថា មានជំងឺកូរ៉ូណាកើតឡើងនៅប្រទេសកម្ពុជាយើង ដោយមិនមានអ្វីបញ្ជាក់ទាល់តែសោះនោះ, រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានចេញមកទាត់ចោលព័ត៌មាន ដែលបង្ហោះប្រឌិតបំពុលសង្គមនេះ និងបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកអ្នកបង្ហោះវីដេអូ និងអ្នកស្រែកថា មានជំងឺកូរ៉ូណានេះ មកផ្តន្ទាទោសតាមច្បាប់។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ប្រាប់ថា «ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ សូមអាជ្ញាធរពាក់ព័ន្ធ ស្វែងរកអ្នកដែលស្រែកថា ជាជំងឺកូរ៉ូណាហើយបំពុលសង្គមនេះ មកផ្តន្ទាទោសតាមច្បាប់»

លោកស្រីបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ រកឃើញថាមានវីរុសកូរ៉ូណាថ្មី ឬ COVID-19 នោះឡើយ។ ជាមួយគ្នានេះ បើប្រជាពលរដ្ឋណាម្នាក់ មានបញ្ហាសុខភាពសូមទូរស័ព្ទមកលេខ ១១៥។

សូមជម្រាបថា ក្រោយផ្ទុះជំងឺកូរ៉ូណានេះ ព័ត៌មានបំពុលសង្គមជាច្រើន ត្រូវបានគេប្រឌិតឡើងជាបន្តបន្ទាប់ ក្នុងបំណងបង្កឲ្យមានអសន្តិសុខក្នុងសង្គម ដែលអ្នកបំពុលសង្គមខ្លះត្រូវបានអាជ្ញាធរឃាត់ខ្លួនមកអប់រំ ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបន្តទៀត និងខ្លះទៀតនៅតែបន្តសកម្មភាព ដោយសារពួកគេនៅក្រៅប្រទេស៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open