ការសាងសង់ផ្លូវជាតិលេខ ១០ ធ្វើជាផ្លូវហាយវេជាតិ និងត្រូវឆ្លងកាត់ខេត្តទាំង៣នេះ
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដែលដឹកនាំដោយលោក Zhan Jinsheng នាយកគ្រប់គ្រងក្រុមហ៊ុនCRBC ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ជំនួបនេះដែរធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពិនិត្យលើជម្រើសតម្រាយផ្លូវថ្មីចាប់ពីវាលវែងទៅខេត្តកោះកុង នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលត្រូវបានធ្វើការសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។
សូមជម្រាបជូនថា៖ ផ្លូវជាតិលេខ១០នេះ មានគម្រោងសាងសង់ធ្វើជាផ្លូវហាយវេជាតិ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង និងតភ្ជាប់កំពង់ផែខេត្តកោះកុង និងខេត្តប៉ែកខាងជើងប្រទេស ដែលអាចជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស្ពានថ្នល់ ចិនសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីបង្ការកុំឲ្យមានការឆ្លៀតឱកាសកាប់បំផ្លាញព្រៃ ឈើខុសច្បាប់ក្នុងអំឡុងពេលសាងសង់ និងបានសំណូមពរឲ្យគោរពតាមលក្ខខណ្ឌនានាដែលកំណត់ ដោយក្រសួងបរិស្ថានផងដែរ។
លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រុមការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ពិនិត្យលើផលប៉ះពាល់ផ្នែកបរិស្ថានដូចជា៖ ការកាប់បំផ្លាញព្រៃឈើធ្វើឲ្យខូចជម្រកសត្វព្រៃជាដើម៕