Breaking NEWS: ក្រសួងសុខាភិបាល ចេញប្រកាសផ្លូវការថា ស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ ការរកឃើញរបស់ម៉ាឡេស៊ីលើកមុន មានភាពមិនប្រក្រតី
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការជាបន្ទាន់មួយដោយបញ្ជាក់ថា ក្រសួងបានឃើញការផ្សព្វផ្សាយព័ត៌មាន អំពីករណីធ្វើតេស្តិ៍អវិជ្ជមានវីរុស COVID-19 លើស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ ប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០, ករណីនេះបានបង្ហាញច្បាស់ថា ស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ រូបនេះ មិនមានផ្ទុកនូវវីរុស COVID-19 នោះឡើយ ហើយបញ្ជាក់ថាការរកឃើញរបស់ម៉ាឡេស៊ីលើកមុន មានភាពមិនប្រក្រតី។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា ក្រោយពីមានការប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី អំពីលទ្ធផលវិជ្ជមានវីរុស COVID-19 លើស្រ្តីរូបនោះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០មក ក្រសួងសុខាភិបាលកម្ពុជាបានដាក់ចម្ងល់ ទៅលើបច្ចេកទេសនៃការធ្វើតេស្តនេះ ហើយបានធ្វើលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅក្រសួងសុខាភិបាលម៉ាឡេស៊ី ស្នើសុំឲ្យមានការពិនិត្យឡើងវិញនូវលទ្ធផលវិជ្ជមាននេះ។
យោងតាមការផ្សាយរបស់កាសែត THE STRAITS TIMES នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសរសេរថា «ឧបនាយករដ្ឋមន្រ្តី Wan Azizah Wan Ismail បាននិយាយនៅថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា ស្រ្តីវ័យចំណាស់ អាយុ៨៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងបានព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់រក COVID-19 ជាមួយនឹងការបង្ហាញលទ្ធផលថា ស្រ្តីរូបនោះមិនមានវីរុស COVID-19 នេះទេ»។
ក្រសួងសង្កត់ធ្ងន់ថា «នេះសបញ្ជាក់ឲ្យឃើញថា ភាពមិនប្រក្រតីនៃលទ្ធផល ដែលបានប្រកាសជាបន្តបន្ទាប់ ដោយអាជ្ញាធរម៉ាឡេស៊ី ធ្វើឲ្យមានការភ័យខ្លាច និងភ័ន្តច្រឡំ សម្រាប់អ្នកដំណើរតាមនាវា MS Westerdam ទាំងអស់ ហើយក៏បានបង្កឲ្យមានការរើសអើង ធ្វើឲ្យអ្នកដំណើរដែលមិនមានផ្ទុកនូវវីរុស COVID-19 នោះ មានការខកខានជាច្រើនថ្ងៃ ក្នុងការបន្តជើងហោះវិលត្រឡប់ ទៅកាន់ប្រទេសរបស់ពួកគេវិញ។ ម៉្យាងវិញទៀត ហេតុការណ៍នេះ ក៏បានធ្វើឲ្យមានការប៉ះពាល់ ទៅលើការកើនឡើងនៃការចំណាយមិនចាំបាច់ ក៏ដូចជាមានការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងរបស់ប្រទេស ក៏ជាការបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ»។
ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មីឡើងវិញថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និងផ្នែកផ្សេងទៀត ដែលបានចូលរួមប្រតិបត្តិការ សុខាភិបាលយ៉ាងសកម្ម ក្រសួងបានពិនិត្យសុខភាព និងធ្វើតេស្តលើសំណាករបស់អ្នកដំណើរ និងអ្នកបម្រើការលើនាវា Westerdam ដែលនៅសេសសល់មានចំនួនសរុបទាំងអស់១,៥៨០នាក់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយទទួលបានលទ្ធផលអវិជ្ជមានវីរុស COVID-19 ទាំងអស់។ ដូច្នេះ ករណី ស្រ្តីអាយុ ៨៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកសួតដោយវីរុស COVID-19 នៅប្រទេសម៉ាឡេស៊ី គឺមានលទ្ធផលតេស្តវីរុស COVID-19 មិនប្រក្រតី។
សូមបញ្ជាក់ថា មកដល់ពេលនេះ មិនមានប្រជាជនកម្ពុជាណាម្នាក់ត្រូវបានរកឃើញ មានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) នោះឡើយ។ ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលម៉ាឡេស៊ីក្នុងការឆ្លើយតប និងការពារការចម្លងវីរុស COVID-19 នៅក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់៕