ឪពុក Hudson-Odoi ធ្លាប់លេងឲ្យជម្រើសជាតិហ្គាណារបស់ខ្លួនបានប្រាក់ខែតែ១០ដុល្លារ
ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៩ ម៉ោង 05:08PM
ឪពុករបស់ Callum Hudson-Odoi គឺ Bismark Odoi ក៏ធ្លាប់ជាអតីតកីឡាករបាល់ទាត់របស់ជម្រើសជាតិហ្គាណា ដោយទទួលបានប្រាក់ខែត្រឹមតែ ៧ផោន (ប្រហែល ៩ដុល្លារ) ក្នុង១ខែ។ នេះបើតាម Mirror។
ជម្រើសជាតិវ័យក្មេងរបស់អង់គ្លេស Callum Hudson-Odoi ប្រាក់ដែលគេរកបានរៀងរាល់នាទី ច្រើនជាងប្រាក់ខែរបស់ឪពុកគេទៅទៀត។កីឡាករវ័យ ១៨ ឆ្នាំរូបនេះត្រូវបាន Chelseaផ្តល់ឱ្យនូវប្រាក់ឈ្នួលបច្ចុប្បន្ន ៧០ ០០០ ផោន (៩០ ០០០ ដុល្លារ) ក្នុង១សប្តាហ៍ ឬ ប្រហែលជាង ៣៦ ម៉ឺនដុល្លារក្នុង១ខែ។
Bismark ដែលបច្ចុប្បន្នជាភ្នាក់ងារកូនប្រុសរបស់លោក។ លោកធ្លាប់ជាអតីតកីឡាករដ៏ល្បីល្បាញម្នាក់នៅទ្វីបអាហ្រ្វិក។គាត់បានផ្លាស់មករស់នៅចក្រភពអង់គ្លេស ពីទ្វីបអាហ្វ្រិក ដើម្បីចូលរួមវគ្គហ្វឹកហាត់បាល់ទាត់របស់កូកាកូឡានៅ Wandsworth ភាគខាងត្បូងទីក្រុងឡុង ជាទីដែល Callum បានកើត។នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយរបស់ Mirror លោក Douglas Tago វ័យ៦០ឆ្នាំដែលជាមិត្តរួមក្រុមរបស់ Bismark បានប្រាប់រឿងគួរឱ្យចាប់អារម្មណ៍អំពីឪពុក Hudson-Odoi យ៉ាងដូច្នេះថា “ខ្ញុំមានអាយុ ១៧ ឆ្នាំ ហើយ Bismark មានអាយុដូចខ្ញុំដែរ។ យើងលេងជាមួយគ្នា។ គាត់ពាក់លេខ ១០ ហើយខ្ញុំពាក់លេខ ១១”។
“យើងបានលេងទល់នឹងក្រុមរបស់ Kumasi ជាការប្រកួតដ៏ល្បីមួយ។ Bismark រកបាន១គ្រាប់ បន្ទាប់មកខ្ញុំស៊ុតចូល១គ្រាប់ដែរ។ វាជាការប្រកួតដ៏អស្ចារ្យ។ វាជាការប្រកួតប្រជែងដ៏ធំមួយ នៅក្នុងប្រទេសហ្គាណា”។
“Heart of Oak គឺជាក្រុមដ៏ធំបំផុតមួយនៅក្នុងប្រទេសហ្គាណា ប្រហែលធំបំផុតមួយនៅអាហ្វ្រិក។ យើងបានលេងក្នុងព្រឹត្តិការណ៍ African championships”។Bismark ធំធាត់នៅតំបន់ជាយក្រុង Kokomlemle ប្រទេសហ្គាណា រស់នៅជាមួយបងប្អូនក្នុងផ្ទះមួយដែលមាន១០គ្រួសារ។ គាត់បានលេងឲ្យក្រុម Hearts of Oak ក្នុងឆ្នាំ ១៩៧៥។
ក្នុងនាមជាខ្សែប្រយុទ្ធ Bismark បានជួយក្រុម Heart of Oak បញ្ចប់នៅចំណាត់ថ្នាក់លេខ២ African Cup of Champions Clubs ឬ ត្រូវបានគេស្គាល់ថាជា Champions League របស់ទ្វីបអាហ្វ្រិក។
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន