Hot NEWS: ចំនួនអ្នកស្លាប់កើនដល់១,៨៦៨នាក់ និងឆ្លងជាង៧២,៥០០នាក់ ដោយសារវីរុស COVID-19
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិន បានកើនដល់ ១,៨៦៨នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧២,៥០០នាក់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន CGTN ចេញផ្សាយនៅព្រឹកថ្ងៃនេះ។
អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,៨៦៨នាក់ បន្ទាប់ពីថ្ងៃច័ន្ទម្សិលមិញនេះ មានអ្នកជំងឺ COVID-19 ចំនួន៩៨នាក់ទៀត ដោយឡែកមនុស្សឆ្លងជំងឺ COVID-19 ថ្មីទៀតមានចំនួន ១,៨៨៦នាក់នៅតាមបណ្តាខេត្ត និងតំបន់មួយចំនួនរបស់ចិន។
គួរជម្រាបថា មកទល់ពេលនេះករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមាន៤ករណី រួមមាន៖ ១ករណីកោះតៃវ៉ាន់, ១ករណីនៅហុងកុង, ១ករណីនៅហ្វីលីពីន, ១ករណីនៅជប៉ុន និង ១ករណីទៀតនៅបារាំង។
សូមជំរាប ថា ក្រុមអ្នកជំនាញនិងក្រុមវេជ្ជបណ្ឌិតចិន ផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បងបានទទួលស្គាល់ថា ក្លរ៉ូគីន ហ្វូស្វាត (Chloroquine Phosphate) ដែលជាថ្នាំប្រឆាំងនឹង ជំងឺគ្រុនចាញ់ មានប្រសិទ្ធភាពជាក់ស្ដែងក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយយោងទៅលើអនុប្រធានមជ្ឈមណ្ឌលជាតិចិន សម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា ដែលស្ថិតក្រោម ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន គឺលោកស្រី Sun Yanrong។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះ លោកស្រី Sun Yanrong បានបន្ថែមដូច្នេះថា ៖ «ក្រុមអ្នកជំនាញបានឯកភាពគ្នាជាឯកច្ឆ័ន ក្នុងការសន្មតថា ថ្នាំក្លរ៉ូគីន ហ្វូស្វាត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងវិធីសាស្ត្រព្យាបាល វីរុសកូរ៉ូណា ឬ Covid-19 ហើយការព្យាបាលសាកល្បង ទ្រង់ទ្រាយធំនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន»៕