ពេជ្រ ស្រស់ៈ ប្រទេសកម្ពុជាយើងគួរបន្ត ពង្រឹងសមត្ថភាពក្នុងការតេស្តរក នូវមេរោគកូរ៉ូណាឲ្យបានម៉ឺងម៉ាត់ ប្រសិនបើម៉ាឡេស៊ីពិតជារកឃើញអ្នកមានផ្ទុកមេរោគកូរ៉ូណា ដែលចាកចេញពីកម្ពុជា
(ភ្នំពេញ)៖ ក្រោយពីផ្ទុះព័ត៍មានករណីស្ត្រីម្នាក់ដែលបានចាកចេញពីនាវា Westerdam នៅខេត្តព្រះសីហនុ ហើយបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលការធ្វើតេស្តរកឃើញថាគាត់មានឆ្លងមេរោគ COVID-19។
បន្ទាប់ពី ម៉ាឡេស៊ី នៅតែ ពិនិត្យឃើញ វិជ្ជមាន COVID-19 លើ ស្ត្រី អាមេរិក វ័យ ៨៣ ឆ្នាំជាលើកទីពីរបន្ទាប់ពីទទួលបាន សំណើរ ពី ភាគីកម្ពុជា។ក្នុងសំណើរបស់ខ្លួនកម្ពុជាបានអះអាងពីការពិនិត្យសុខភាពយ៉ាងដិតលើអ្នកដំណើរ ដល់ ក្រោម កិច្ចសហការ ជាមួយអង្គការសុខភាពពិភពលោកនិងមជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) ។
ពាក់ព័ន្ធនឹងរឿងនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ចេញទស្សនៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ថា៖ ”វាមិនមែនរឿងលេងសើចទេប៉ុន្តែ វាគឺជារឿងមុខមាត់របស់ជាតិខ្មែរ ទាំងមូល និងប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យ សុខាភិបាល កម្ពុជា នៅពេលដែលប្រទេសម៉ាឡេស៊ី ពិតជាបានរកឃើញអ្នកមានផ្ទុក មេរោគកូរ៉ូណា ដែលទើបតែចាក ចេញពីកម្ពុជាយើងមែននោះ…។
លោកបានបន្តទៀតថា “ដូច្នេះ ប្រទេសកម្ពុជាយើងគួរបន្ត ពង្រឹងសមត្ថភាពក្នុងការតេសរក នូវមេរោគកូរ៉ូណាឲ្យបានម៉ឺងម៉ាត់ បំផុតដើម្បីធានាបានកុំឲ្យមេរោគ កូរ៉ូណាវាយលុកលើប្រជាជនខ្មែរ របស់យើង ជាពិសេសបង្កើននូវ ទំនុកចិត្តដល់ពលរដ្ឋខ្មែរនិងភ្ញៀវ ទេសចរណ៍អន្តរជាតិឲ្យមានភាព កក់ក្តៅលើប្រព័ន្ធពិនិត្យ ស្វែងរក មេរោគកូរ៉ូណារបស់ក្រសួងសុខា ភិបាលកម្ពុជាយើង។ ពេជ្រ ស្រស់ ១៦/០២/២០២០”។
គួរបញ្ជាក់ផងដែរថារដ្ឋាភិបាលម៉ាឡេស៊ី នៅតែប្រកាសថា អ្នកដំណើរជនជាតិអាមេរិកដែលចាកចេញពីនាវា Westerdam នោះ ត្រូវបានធ្វើតេស្ត និងរកឃើញផ្ទុកវីរុសកូរ៉ូណាថ្មី ក្រោយពីកម្ពុជាទាមទារឱ្យត្រួតពិនិត្យឡើងវិញ។
ស្ត្រីជនជាតិអាមេរិកម្នាក់មានវ័យ ៨៣ឆ្នាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីប្រកាសកាលពីថ្ងៃម្សិលមិញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី បន្ទាប់ពីត្រូវរូបនោះ ចាកចេញពីនាវា Westerdam ដែលបាន និងកំពុងសំចតនៅកំពង់ផែខេត្តព្រះសីហនុ។ប៉ុន្តែ ក្រសួងសុខាភិបាលកម្ពុជា បានទាមទារទៅក្រសួងសុខាភិបាលម៉ាឡេស៊ីឱ្យត្រួតពិនិត្យលើករណីនេះឡើងវិញ។
សារព័ត៌មាន The Malaysia Insight បានដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីម៉ាឡេស៊ី អ្នកស្រីវេជ្ជបណ្ឌិត Wan Azizah Wan Ismail ដែលថ្លែងនៅរសៀលថ្ងៃនេះថា ស្ត្រីជនជាតិអាមេរិករូបនេះ មានផ្ទុកវីរុសកូរ៉ូណាថ្មី។បើតាមសារព័ត៌មានមួយនេះ រដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានថ្លែងការពារដំណើរការត្រួតពិនិត្យរបស់អាជ្ញាធរម៉ាឡេស៊ីថា ត្រូវបានធ្វើឡើងតាមស្តង់ដារ«កម្រិតពិភពលោក»។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ មិនអាចទាក់ទងសុំការឆ្លើយតបភ្លាមៗបានទេអំពីលទ្ធផលពិនិត្យឡើងវិញ និងការបញ្ជាក់ពីរដ្ឋាភិបាលម៉ាឡេស៊ី ជុំវិញករណីឆ្លងនេះ។
នាវា Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវា ៨០២នាក់ ត្រូវបានកម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។នាវាមួយនេះ បានចំណាយពេល ២សប្ដាហ៍នៅលើផ្ទៃសមុទ្រ បន្ទាប់ពីវាត្រូវបានបដិសេធមិនឱ្យចូលចតពីសំណាក់ប្រទេស និងដែនដីកោះចំនួន ៥ មានជប៉ុន តៃវ៉ាន់ កោះហ្គាំ ហ្វីលីពីន និងថៃ។