អង្គការទេសចរណ៍ពិភពលោកផ្ញើលិខិតអរគុណ និងកោតសរសើរ សម្តេចតេជោនាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖យោងតាមរយៈលិខិតចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញលោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក បានផ្ញើលិខិតមួយតាមរយៈឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដោយក្នុងលិខិតនោះបានផ្ញើលិខិតកោតសរសើរចំពោះកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជា។

ក្នុងលិខិតនោះបានសរសេរថា«ខ្ញុំសូមសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបប្រកបដោយមនុស្សធម៌គួរឲ្យកត់សំគាល់ចំពោះស្ថានភាពដ៏លំបាក់នៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចុះចតនៃកំពង់ផែខេត្តព្រះសីហនុ បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ។

ដូចយើងទាំងអស់គ្នាបានដឹងហើយ ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទប់ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាលមួយ គឺជាការងារបន្ទាន់ចាំបាច់ដែលត្រូវដឹកនាំអនុវត្តដោយអង្គការសុខភាពពិភពលោក (WHO)។ រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការដោយប្រុងប្រយ័ត្នស្មើដៃគ្នា ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺនេះ។

អង្គការទេសចរណ៍ពិភពលោកក៏កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃជំងឺវីរ៉ុសកូរ៉ណានេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយអង្គការសុខភាបពិភពលោក ហើយយើងមានសេចក្តីរីករាយដែលបានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការថយចុះ។ យើងពិតជាមានមោទនភាពណាស់ចំពោះការបង្ហាញចេញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតអោយធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ»។

លោកអគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក ក៏បានកោតសរសើរដ៏ស្មោះចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រលាញ់ជាលក្ខណៈបងប្អូន ជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែលនៅតែលតោលលើសមុទ្រ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds