spurs ពិចារណាលក់កីឡាករ១២នាក់ រួមនឹង Trippier ផងដែរ
Tottenham កំពុងពិចារណាលក់កីឡាករជាច្រើននាក់នៅរដូវក្តៅនេះ ខណៈដែលលោក Mauricio Pochettino គ្រោងនឹងធ្វើកំណែទម្រង់យ៉ាងល្អិតល្អន់លើក្រុមរបស់លោក។ នេះបើតាម Dailymail។
ទើបសម្ពោធកីឡដ្ឋានថ្មីតម្លៃជាង១ពាន់លានដុល្លារ Spurs នឹងព្យាយាមបង្កើនគុណភាពកីឡាកររបស់ខ្លួនសម្រាប់ទីផ្សារដោះដូរកីឡាករខាងមុខនេះ។
យោងតាម Evening Standard ខ្សែការពារស្លាបស្តាំ Kieran Trippier និង Serge Aurier គឺជាគោលដៅប្រាកដជាងគេដែល Pochettino នឹងបញ្ចេញចោលប្រសិនបើរកអ្នកទិញបាន ហើយអាចជំនួសវិញដោយ Aaron Wan-Bissaka របស់ Crystal Palace។
ក្លឹបរហស្សនាមមាន់ខ្នាយមាស ក៏នឹងពិចារណាលក់ Erik Lamela និង Moussa Sissoko ប្រសិនបើមានការផ្តល់ជូនពិសេស។
កិច្ចសន្យារបស់ Christian Eriksen ក៏នឹងផុតនៅរដូវក្តៅខាងមុខនេះ ហើយការសម្រេចចិត្តថាតើត្រូវទុកឬលក់ចេញកីឡាករដាណឺម៉ាកនឹងត្រូវធ្វើឡើងដែរ។
ខ្សែការពារ Jan Vertonghen ក៏នឹងឈានដល់រយៈពេល ១២ ខែចុងក្រោយនៃកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករវ័យ៣១ឆ្នាំនេះផងដែរ។វាមិនទំនងទេ ដែលថាកីឡាករទាំង ១២ នាក់នឹងត្រូវបានដាក់លក់ក្នុងពេលតែមួយ ប៉ុន្តែឆន្ទៈក្នុងការធ្វើកំណែទម្រង់យ៉ាងយកចិត្តទុកដាក់ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ Pochettino ធ្វើយ៉ាងណាដើម្បីជួយ Spurs ឲ្យឈ្នះពានរង្វាន់បន្ទាប់ពីផ្លាស់ទៅផ្ទះថ្មីរបស់ពួកគេ។
កីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនា ៦២ ០៦២នាក់ ចំណាយទឹកប្រាក់សរុប ១ប៊ីលានផោន (១,៣ ប៊ីលានដុល្លារ) បានរៀបចំការប្រកួតលើកដំបូងរបស់ខ្លួន កាលពីយប់ថ្ងៃពុធ នៅពេលក្រុម Tottenham បានផ្តួល Crystal Palace ២-០៕