ថៃនិយាយថា នាវា Westerdam មិនបានសុំចូលចតក្នុងប្រទេសខ្លួននោះទេ
នាយកដ្ឋានម៉ារីនថៃកាលពីថ្ងៃពុធបានបញ្ជាក់ថា នាវាទេសចរណ៍ឈ្មោះ Westerdam មិនទាន់បានស្នើសុំចូលប្រទេសថៃនៅឡើយទេ នៅពេលនាវាត្រូវបានបដិសេធដោយប្រទេសចំនួន ៣ផ្សេងទៀត ដោយសារតែការភ័យខ្លាចពីវីរុសកូរ៉ូណា COVID-19 ។ ប៉ុន្តែយ៉ាងណាសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានមិនបានបញ្ជាក់ថា នាវា Westerdam នឹងត្រូវបានអនុញ្ញាតឱ្យចូលចតផែរបស់ពួកគេបន្ទាប់ពីធ្វើចត្តាឡីស័ក(quarantine)។ ពួកគេបន្ថែមថា ប្រសិនបើនាវា ហូឡង់-អាមេរិកាំងនេះ បានដាក់ពាក្យសុំត្រឹមត្រូវ នាយកដ្ឋាននឹងពិគ្រោះជាមួយនាយកដ្ឋានត្រួតពិនិត្យជំងឺ ក្រសួងសុខាភិបាល នាយកដ្ឋានគយ និងការិយាល័យអន្តោប្រវេសន៍។
ប្រសិនបើនាវាត្រូវបានអនុញ្ញាតិឱ្យចូលទៅក្នុងប្រទេសថៃ នាវានេះនឹងត្រូវបានគេទុកនៅក្នុងតំបន់ដាច់ស្រយាលមួយ ដែលរង់ចាំការត្រួតពិនិត្យដោយភ្នាក់ងារត្រួតពិនិត្យជំងឺ និងមន្រ្តីសុខភាពសាធារណៈ មុនពេលត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ។ សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ដែលមិនបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នាវា Westerdam ដែលមានអ្នកដំណើរចំនួន ១,៤៥៥នាក់ និងនាវិក ៨០២នាក់ នឹងចូលចតនៅ Laem Chabang នៅថ្ងៃព្រហស្បតិ៍។
នាវាទេសចរណ៍បានចាកចេញពីហុងកុងកាលពីថ្ងៃទី០១ ខែកុម្ភៈ ហើយនៅតែស្ថិតនៅឯនាយឆ្នេរភាគខាងត្បូងនៃប្រទេសវៀតណាម។ កាលពីថ្ងៃអង្គារនេះលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូ-ចា បាននិយាយថា ខណៈដែលនាវានេះនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលចត ប្រទេសថៃបានត្រៀមខ្លួនជាស្រេចដើម្បីជួយប្រជាជននៅលើនាវា។ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនបានត្រៀមបញ្ជូនបុគ្គលិកពេទ្យទៅកាន់កំពង់ផែប្រសិនបើមានការស្នើសុំ៕ប្រភព៖ bangkokpost