ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន និងអញ្ជើញទៅស្វាគមន៍អ្នកដែលនៅលើនាវា ​MS Westerdam របស់សហរដ្ឋអាមេរិក​ នៅខេត្តព្រះសីហនុ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី១៣ កុម្ភះ ព្រឹកនេះ បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។ នេះ​បេីយោងការ​លេីកឡេីង​តាម​រយៈ​គណនី​ផេក​ហ្វេសប៊ុកជាផ្លូវការ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅ​មុននេះ​បន្តិច​ នាល្ងាច​ថ្ងៃ​ទី១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០។

សម្តេច​បាន​បន្តទៀត​ថា​ នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ ។ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា គឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការៈសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា។

សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រុំដែនឡើយ។

នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ។

ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេ គឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់ រួមទាំងសហរដ្ឋធអាមេរិកផងដែរ គឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ​ និងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។​ សូមជូនពរអ្នកធ្វើដំណើរក្នុងនាវាទាំងអស់បានសម្រាក ទទួលទានម្ហូបអាហារ និងសប្បាយរីករាយនៅពេលបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

ជា​ចុងក្រោយ​ សម្តេច​បាន​បន្តទៀត​ថា​ «អរគុណសន្តិភាព!​ ដោយសារតែកម្ពុជាមានសន្តិភាពទើប​ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត​ ឱយមកចូលចតនៅកំពង់ផែរក្រុងព្រះសីហនុ​ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយះពេល១៣ថ្ងៃមកហើយ​ ឱយបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។​ ព្រឹកស្អែក​ ថ្ងៃ១៤​ កុម្ភះ​ ២០២០​ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានះជាម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។​ សុំអរគុណអង្គការសុខភាពពិភពលោក​ និងប្រទេសនាៗដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។​ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open