អាជ្ញាធរការពារមិនឱ្យមនុស្សចូលទៅជិតនាវានិងមិនអនុញ្ញាតឱ្យអ្នកក្នុងនាវាចេញដើរដោយសេរីឡើយ លុះត្រាមានការពិនិត្យពីក្រុមគ្រូពេទ្យត្រឹមត្រូវ

(ភ្នំពេញ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំដាក់វិធានការការពារច្បាស់ណាស់ដោយមិនឱ្យមានមនុស្សចូលទៅជិត ឬអ្នកដំណើរក្នុងនាវាទេសចរណ៍ Westerdam ចេញចូលដោយសេរីនោះទេ លុះត្រាណាតែមានការពិនិត្យពីក្រុមគ្រូពេទ្យត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។

លោក គួច ចំរើន បានឱ្យដឹងថា «អាជ្ញាធរមានការរៀបចំផែនការច្បាស់លាស់ណាស់ យើងមិនអាចការពារតែអ្នកទេសចរណ៍នៅលើនាវានោះទេ ដាច់ខាតត្រូវការពារដល់ក្រុមការងារដែលធ្វើកិច្ចការនេះ និងអ្នកនៅទីនេះ ព្រមទាំងអ្នកសារព័ត៌មានផងដែរ មិនឲ្យចូលទៅជិតនោះទេ ហើយអ្នកដំណើរនៅលើនាវា ក៏មិនអនុញ្ញាតឲ្យពួកគាត់ចេញដើរដោយសេរីនោះទេ លុះត្រាណាក្រុមគ្រូពេទ្យបានចូលទៅត្រួតពិនិត្យ ត្រឹមត្រូវអស់ហើយ ទើបអនុញ្ញាតឲ្យពួកគាត់ចាកចេញពីនាវា»

លោកអភិបាលបានបន្តថា ប្រសិនបើមានការសង្ស័យណាមួយ យើងទុកពួកគាត់ដោយឡែក និងយកសំណាកទៅត្រួតពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ នៅរាជធានីភ្នំពេញភ្លាមៗតាមឧទ្ធម្ភាគចក្រ។ ដោយឡែកសូម្បីអ្នកបើកបររថយន្តក្រុង ដើម្បីដឹកជញ្ជូនពួកគាត់ទៅព្រលានយន្តហោះកងកេង ក៏យើងត្រូវគិតគូរត្រួតពិនិត្យនិងតាមដានពួកគាត់ ហើយចំពោះរថយន្តដែលដឹកជញ្ជនពួកគាត់ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគផង ពោលគឺយើងមានរៀបចំផែនការច្បាស់លាស់ចៀសវាង មានបញ្ហាណាមួយកើតឡើង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។

ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds