សម្ដេច ស ខេង នឹងចាត់វិធានការចំពោះស្មៀនឃុំណា ហ៊ានទារលុយពីប្រជាពលរដ្ឋបន្ថែម ពេលពឹងពាក់ធ្វើឯកសារផ្សេងៗ ត្រូវស្នើដកចោល
(ភ្នំពេញ)៖ ស្មៀនឃុំណាមួយ ដែលធ្វើសកម្មភាពមិនល្អ ទារលុយពីប្រជាជនគឺអាចដោះដូរបាន។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ស្មៀនឃុំគឺជាមន្រ្តីមុខងារសាធារណៈ ដូច្នេះគឺក្រសួងជាអ្នកតែងតាំង មិនមែនជាស្រុក ឬខេត្តដែលត្រូវតែងតាំងនោះទេ។
ដូច្នេះ ប្រសិនបើស្មៀនណាម្នាក់ ដែលហ៊ានទារលុយពីប្រជាពលរដ្ឋបន្ថែមទៀត ក្រុមប្រឹក្សាឃុំអាចធ្វើការស្នើសុំទៅក្រសួងដើម្បីដោះដូរមន្រ្តីស្មៀនឃុំបាន ។
សម្ដេច ស ខេង មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការ សាលប្រជុំ និងសមិទ្ធផលនានា គណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ៕