វិសាខាប្រកាសគាំទ្រការបញ្ចប់អាជីពកីឡាកររបស់បឹងកេត និងស្នើ FFC បើកយុទ្ធនាការពិនិត្យទឹកនោមកីឡាករ
បាល់ទាត់៖ បន្ទាប់ពីក្លឹបបឹងកេតបានប្រកាសបញ្ចប់កិច្ចសន្យាជាមួយកីឡាករ ម៉ាត់ យ៉ាម៉ីន ភ្លាមៗក្រោយផ្ទុះព័ត៌មានពាក់ព័ន្ធករណីប្រើគ្រឿងញៀន ក្លឹបវិសាខាក៏បានចេញថ្លែងការណ៍គាំទ្រចំណាត់ការនេះដែរ ព្រមទាំងបានស្នើទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដែលជាអាណាព្យាបាលបើកយុទ្ធនាការត្រួតពិនិត្យកីឡាករទាំងអស់ ដើម្បីធានាភាពស្អាតស្អំក្នុងបាល់ទាត់ទៀតផង។
គួរដឹងថា ម្សិលមិញនេះក្លឹបបឹងកេតបានប្រកាសព័ត៌មានដ៏រសើប ជុំវិញការបញ្ចប់កិច្ចសន្យាកីឡាករ ម៉ាត់ យ៉ាម៉ីន ក្រោមហេតុខ្សែបម្រើ-ការពាររូបនេះ បានប្រព្រឹត្តិខុសក្រមសីលធម៌ពីកីឡាករអាជីព ដើម្បីភាពគំរូកុំឲ្យកើតមានលើកីឡាករដទៃ។ សេចក្ដីប្រកាសនេះបានធ្វើឡើង ក្រោយបែកធ្លាយរូបភាពប៉ុន្មានសន្លឹករបស់កីឡាករ ម៉ាត់ យ៉ាម៉ីន ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលកម្សាន្តមួយកន្លែងកាលពីថ្មី។ ជាមួយការអនុវត្តវិធានការក្ដៅនេះដែរ ត្រូវបានក្លឹបវិសាខាប្រកាសគាំទ្រក្នុងនាមគ្រួសារបាល់ទាត់ជាតិតែមួយ ដើម្បីលុបបំបាត់គ្រឿងញៀនក្នុងកីឡា និងសង្គម។ លើសពីនេះវិសាខាក៏បានស្នើសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដោយសង្ឃឹមឆ្នាំនេះ ឬថ្ងៃអនាគតនឹងមានការធ្វើតេស្ដទឹកនោមកីឡាករក្នុងលីគទាំងអស់ ដើម្បីបញ្ជាក់នូវភាពស្អាតស្អំក្នុងវិស័យកីឡាដ៏ពេញនិយមមួយនេះ និងជំរុញការអភិវឌ្ឍន៍វិស័យកីឡាឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត៕