មិនសរសើរមិនបានមែន!! ទើបតែអនុវត្តផ្ទះមួយអំពូលភ្លើងមួយ ស្រាប់តែអីលូវនេះបានរៀងចំក្រាលការ៉ូឡាអមសងខាងផ្លូវថ្មើរជើងទៀត
(សៀមរៀប)៖ប្រិយមិត្តប្រាកដជាស្គាល់ហើយ លោកអភិបាលស្រុកវ័យក្មេងដែលទើបនិងឡើងកាន់ថ្មីនៅឯខេត្តសៀមរៀប ដែលមានប្រជាប្រិយភាពខ្លាំងដោយ រូបលោកបានយកចិត្ត ទុកដាក់និងប្រជាពលរដ្ឋ។
នៅពេលថ្មីៗនេះលោក បានរៀបចំអោយភូមិមានភាពស្រស់បំព្រងដោយរូបលោកបានប្រកាន់យកនៅ ទ្រឹស្តីមួយគឺផ្ទះមួយចង្កៀងមួយ ដែលស្ថិតនៅភូមិព្រះដាក់ នៅក្នុងខេត្តសៀមរៀប
នៅពេលថ្មីៗនេះលោក បានបង្ហោះនៅក្នុងគណនីហ្វេសបុកលោកថា ៖ សុំលួចថតសកម្មភាពអ្នកភូមិព្រះដាក់ កំពុងសស្រាក់ស្រាំរៀបចំក្រាលការ៉ូឡាលើចិញ្ចើមសងខាងផ្លូវមុខផ្ទះដោយខ្លួនឯង កាលពីល្ងាចមិញបន្តិច។សូមកុំច្រលំ ខ្ញុំលួចស្ងើចសរសើរទឹកចិត្តរបស់អ្នកភូមិព្រះដាក់ទេ។ តាមពិតទៅ ខ្ញុំកំពុងតែគិតរិះរកវិធីយ៉ាងណាដើម្បីគៀងគរថវិកាបដិភាគ ជម្រុញអោយតំបន់នេះមានរបៀបរៀបរយ អនាម័យនិងសោភ័ណភាពប្រសើរជាងមុននៅតាមផ្លូវដើរ ព្រោះជាតំបន់ទេសចរណ៍មានលក់នំបញ្ចុកនិងចំណីអាហារផ្សេងៗ ជាពិសេសក្រោយពេលដែលមានការរៀបចំផ្លូវថ្មីនិងអំពូលបំភ្លឺតាមថ្នល់បានស្រស់ស្អាតរួចហើយ។ ប៉ុន្តែ មិនទាន់ទាំងបានផ្សព្វផ្សាយពីគោលគំនិតនេះផង ស្រាប់តែអ្នកភូមិនៅទីនេះ ស្ម័គ្រចិត្តភ្ញាក់រលឹកដោយខ្លួនឯង នាំគ្នារៀបចំដើម្បីសោភ័ណភាពនៅមុខផ្ទះរៀងៗខ្លួន ដោយមិនចាំបាច់រងចាំការផ្តល់ជូនរឺសម្របសម្របពីអាជ្ញាធរមូលដ្ឋានឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់ថែមទាំងបានពិគ្រោះគ្នា ស្រុះស្រួលយកព៌ណប្រហាក់ប្រហែលគ្នា និងក្រាលក្នុងកម្ពស់ស្មើៗគ្នាថែមទៀតផង។
ខ្ញុំឃើញហើយ ខ្ញុំរំភើប ខ្ញុំញញឹម។ ញញឹមប្រកបដោយមោទនភាពដែលបានបម្រើនៅក្នុងស្រុកដែលមានប្រជាពលរដ្ឋចេះខ្វាយខ្វល់បែបនេះ។ អរគុណសម្រាប់ស្មារតីចូលរួម អរគុណដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាពនិងភាពទាក់ទាញនៅក្នុសហគមន៍របស់ខ្លួន។ ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែមានការយល់ឃើញនិងមានការចូលរួមបែបនេះ ខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបានរាល់បញ្ហាសង្គមនៅក្នុងស្រុករបស់យើង។ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំនឹងជម្រុញបន្ថែមទៀតទៅលើបញ្ហាបរិស្ថាននៅក្នុងតំបន់នេះ លើកទឹកចិត្តអោយមានការដាំដើមផ្កានិងដើមឈើ និងមានការគ្រប់គ្រងអនាម័យសំរាមអោយរឹតតែបានល្អប្រសើរជាងមុន។
គួរបញ្ជាក់ផងដែរថា ចៅហ្វាយស្រុកម្នាក់នេះជាចៅហ្វាយស្រុកដែលក្មេងជាងគេនៅក្នុងប្រទេសកម្ពុជា។