កម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងនាមប្រទេសជិតខាង ជាពិសេស ជំរុញទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេលវែង

ភ្នំពេញ)៖ឯកឧត្តម ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាការងារជាមួយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ២០២០ នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបថា ៖ នៅក្នុងកិច្ចសវនាការរវាងសម្ដេចតេជោជាមួយប្រធានរដ្ឋឡាវនាឱកាសនេះឯកឧត្តមប៊ុនញ៉ាំង វរជីតបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថាជារៀងដរាបមកកម្ពុជានិងឡាវគឺជាមិត្តជិតស្និទ្ធជាទីបំផុតហើយគឺជាមិត្តដែលជួយគ្នាទៅវិញទៅមក។ ក្នុងន័យនេះបានបង្កនូវលក្ខណៈប្រទេសទាំងពីរជាប្រទេសភូមិផងរបងជាមួយជាប្រទេសជិតខាងដ៏ល្អហើយជាប្រទេសដែលមានកំណើនពាណិជ្ជកម្មទៅវិញទៅមកកាន់តែកើនឡើងពីនោះទៅទៀតក៏មានសុវត្ថិភាពនិងសន្តិសុខល្អផងដែរនៅតាមព្រំដែន។ ក្នុងន័យនេះឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចដែរថាកន្លងមកភាគីឡាវមានសេចក្តីរីករាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីទាំងពីរបានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យទៅជាទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលយូរអង្វែង។
ទាំងនេះបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធនិងកាន់តែមានកម្រិតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងន័យនេះដែរឯកឧត្តមបានជម្រាបជូនសម្ដេចតេជោផងដែរថារយៈពេល២ឆ្នាំកន្លងមកដែលឯកឧត្តម ពុំបានមកកម្ពុជា ឯកឧត្តមបានសង្កេតឃើញប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សជាទីបំផុតហើយប្រជាជនកម្ពុជាទៀតសោធក៏មានជីវភាពរស់នៅល្អប្រសើរផងដែរ។
ឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថាឯកឧត្តមបានចូលគាល់ព្រះមហាក្សត្រកម្ពុជាហើយក៏បានជួបជាមួយសម្ដេចពញាចក្រីនិងសម្ដេច វិបុលសេនាភក្តីសាយឈុំផងដែរ។

ឯកឧត្តមបានអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមយ៉ាងកក់ក្រៅជាទីបំផុតហើយធ្វើឱ្យដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានេះទទួលបានជោគជ័យនិងទទួលបានជោគជ័យជាបន្តទៀតនៅថ្ងៃស្អែកនេះ។

ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាពជាមួយនឹងការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាឡាវដែលលើកឡើងដោយឯកឧត្តមប៊ុនញ៉ាំង វរជីត ហើយសម្ដេចក៏បានលើកទឹកចិត្តធ្វើយ៉ាងណាយើងគប្បីជំរុញឲ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅថែមទៀតស្របទៅនឹងអ្វីដែលយើងបានចុះហត្ថលេខាក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយផងពីនោះទៀតសម្ដេចក៍បានលើកឡើងថាគប្បីណានៅតាមព្រំដែនអាជ្ញាធរដែនដីទាំងសងខាងដើរតួយ៉ាងសំខាន់ជំរុញទំនាក់ទំនងឲ្យបានជិតស្និទ្ធអាចមានជាកម្មវិធីកីឡារួមគ្នាផង ហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះអាចឈានទៅដល់ការដោះស្រាយរៀងរាល់បញ្ហាទាំងឡាយដែលកើតមាននៅតាមព្រំដែន។

ពីនោះទៅទៀតសម្ដេចតេជោក៏បានសង្កត់ធ្ងន់ដែរថាមិនត្រឹមតែអាជ្ញាធរដែនដីទេកងទ័ពទាំងពីរគប្បីណាជំរុញទំនាក់ទំនងឲ្យបានកាន់តែជិតស្និទ្ធផងដែរព្រោះការណាមានភាពជិតស្និទ្ធហើយទោះបីមានរឿងអ្វីក៏ដោយក៏អាចដោះស្រាយនឹងពិភាក្សាគ្នាបានដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open