រដ្ឋមន្ត្រីសុខាភិបាលថៃ៖ ជនបរទេសណាដែលមិនពាក់ម៉ាស់សមតែដេញចេញពីស្រុកថៃ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul នៅថ្ងៃសុក្រនេះបានស្តីបន្ទោសភ្ញៀវទេសចរបរទេស ដែលមិនព្រមពាក់ម៉ាសដែលរដ្ឋាភិបាលបានប្រគល់ឱ្យពួកគេ ដោយបាននិយាយថា «ពួកគេសមតែត្រូវបណ្តេញចេញ»។ ដោយប្រើពាក្យពេជន៍វាយប្រហារលើជនបរទេសនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅឯ BTS Siam នៅព្រឹកនេះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បាននិយាយថា អាកប្បកិរិយាមិនគោរពរបស់ជនបរទេស គួរតែត្រូវបានរាយការណ៍ទៅស្ថានទូតនានា។
លោក Anutin បាននិយាយថា៖ «Ai farangs [ក្នុងភាសាថៃ=ពួកបរទេសស្បែកស] អ្នកទេសចរទាំងនោះ គឺជាអ្វីដែលស្ថានទូតនានាគួរកត់សម្គាល់ និងសាធារណៈជនដែលមិនពាក់ម៉ាសក៏ដូចគ្នា។ យើងកំពុងតែប្រគល់ម៉ាស់ដល់ពួកគេ តែពួកគេនៅតែមិនប្រើវា។ ពួកគេគួរតែត្រូវបណ្តេញចេញពីប្រទេសថៃ!»
លោកនិយាយថា៖ «ពួកគេមិនខ្វល់ពីបញ្ហាធំទេ ហើយអ្នកទេសចរទាំងនេះគឺនៅក្នុងប្រទេសយើង។ យើងកំពុងផ្តល់ម៉ាស់ដល់ពួកគេហើយ ពួកគេនៅតែបដិសេធមិនប្រើទៀត»។ លោក Anutin បានបន្តទៀតថា៖ «ជនជាតិចិន និងអាស៊ី ពួកគេទាំងអស់កំពុងពាក់ម៉ាស់ការពារ ប៉ុន្តែជនជាតិអឺរ៉ុបទាំងនេះ…មិនគួរឱ្យជឿមែន»។ ប៉ុន្តែយ៉ាងណាទោះបីជាមានការទទូចរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងការពាក់ម៉ាស់មុខក៏ដោយ ក៏អង្គការសុខភាពពិភពលោកបានណែនាំថា វាមិនចាំបាច់សម្រាប់បុគ្គលដែលមិនមានរោគសញ្ញាផ្លូវដង្ហើមទេ ពីព្រោះ «វាអាចឱ្យយើងចំណាយច្រើនលើអ្វីដែលមិនចាំបាច់ បង្កើនបន្ទុក និងមានការភ័យជ្រុលអំពីសុវត្ថិភាព»៕
Thai Public Health Min Anutin Charnvirakul was handing out surgical masks today for people to protect themselves against the Novel #Coronavirus. Apparently some foreign tourists didn't take them, which led to this unusual outburst by him suggesting they "should be kicked out." pic.twitter.com/UcVJtYCqeM
— Saksith Saiyasombut (@SaksithCNA) February 7, 2020
ប្រភព៖ khaosodenglish