ឆ្លាតគ្រាន់បើ!! នារីម្នាក់គេចផុតពីការចាប់រំលោភ ដោយសារក្អកដាក់ជនល្មើស ហើយកុហកថានាងឆ្លងវីរុសកូរ៉ូណា
ថ្មីៗនេះមានរឿងគួរឱ្យហួសចិត្តមួយ ដោយនារីម្នាក់បានរួចផុតពីការចាប់រំលោភ ដោយសារនាងបានបន្លាចជនចាប់រំលោភថា នាងជាអ្នកមកពីទីក្រុងវូហាន ហើយថែមទាំងធ្វើពុតជាក្អកទៀតផង។ ជនចាប់រំលោភត្រូវបានគេដឹងថា មានឈ្មោះ Xiao អាយុ ២៥ឆ្នាំ បានលបចូលក្នុងបន្ទប់ជនរងគ្រោះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯ Jingshan ជិតទីក្រុងវូហាន ប្រទេសចិន។ ជនល្មើសបានព្យាយាមបង្ខំនារីរងគ្រោះប៉ុន្តែមិនបានសម្រេចនោះទេ ដោយនារីរងគ្រោះស្រែកខ្លាំងៗថា នាងទើបតែត្រឡប់មកពីវូហាន នាងមានផ្ទុកវីរុសកូរ៉ូណា ដូច្នេះហើយទើបគេដាក់នាងឱ្យនៅតែឯង។
អំឡុងពេលកើតហេតុជនរងគ្រោះឈ្មោះថា Yi បានព្យាយាមរុញជនល្មើសចេញ ហើយធ្វើពុតជាក្អក ដោយសារតែជនល្មើសបានច្របាច់ក និងយកដៃខ្ទប់មាត់របស់នាង។ ក្រោយមកជនសង្ស័យក៏បានរត់ចេញពីទីនោះភ្លាម ហើយបានប្លន់យកលុយពីនាងដែលមានតែជាង ៣,០០០ យ័ន (ជាង៤០០ដុល្លារអាមេរិក)។ ហេតុការណ៍នេះត្រូវបានបង្ហាញដោយការិយាល័យសន្តិសុខសាធារណៈ Jingshan នៅក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃចន្ទ។ បើតាមសម្តីប៉ូលីសឱ្យដឹងថា ការពិតជនល្មើសដើមឡើយគ្រាន់តែចង់ដើរប្លន់យកលុយប៉ុណ្ណោះ ប៉ុន្តែដោយសារឃើញនារីរងគ្រោះនៅម្នាក់ឯងក៏គិតរឿងបែបនេះបន្ថែមទៀត។
ក្រោយមកនាង Yi ក៏បានទូរស័ព្ទទៅកាន់ប៉ូលីស ប៉ុន្តែភ្លាមៗប៉ូលីសមិនអាចកំណត់មុខបានទេ ព្រោះតាំងពីមានករណីវីរុសកូរ៉ូណាឡើងមក គ្រប់គ្នាសុទ្ធតែពាក់ម៉ាស់។ ប៉ុន្តែយ៉ាងណាក៏ដោយនៅថ្ងៃច័ន្ទប៉ុន្មានថ្ងៃមុននេះ ជនល្មើសបានចូលខ្លួនសារភាពដោយខ្លួនឯង ដោយមានទាំងឪពុកជូនដំណើរមកជាមួយ។ ជនល្មើសបានសារភាពកំហុសរបស់គាត់ ហើយឥឡូវនេះគាត់កំពុងជាប់ឃុំ៕