រដ្ឋមន្ត្រីក្រសួងសាធារណការ បានឆ្លើយសំនួរ ២សំខាន់តបទៅកាន់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
(ភ្នំពេញ)៖នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឆ្លើយសំណួរសំខាន់ៗ ទៅកាន់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
នៅលើគេហទំព័រហ្វេសប៊ុក facebook របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានដឹងថា «ឯ.ឧ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឆ្លើយនូវសំនួររបស់ខ្ញុំថា៖ការ សាងសង់ផ្ទះឲ្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនស្នាក់នៅធ្វើតែមួយកន្លែងទេឯខេត្តព្រះសីហនុ ដោយសារនៅខេត្តនោះថ្លៃផ្ទះជួលថ្លៃខ្លាំងពេកហើយការសាងសង់ផ្ទះនេះជាអាគាររបស់រដ្ឋ ដោយសាងសង់នៅក្នុងបរិវេនមន្ទីរតែម្តងគឺថាមិនទៅទិញដីកន្លែងផ្សេងនោះទេ»។
«ចំពោះការធ្វើផ្លូវថ្នល់ និង គុណភាពផ្លូវគឺឯឧទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងប្រើធម៌ក្តៅទៅលើមន្រ្តី ណាមួយប្រព្រឹត្តអំពើពុករលួយនឹងត្រូវប្តឹងចាប់ដាក់គុកតែម្តង ហើយក្រុមហ៊ុនទទួលសាងសង់ណាមួយក្បត់គុណភាព គឺនឹងឲ្យធ្វើឡើងវិញដោយខាងក្រសួង សាធារណការ និងដឹកជញ្ជូន នឹងមិន
ទទួលយកផ្លូវនោះមកប្រើប្រាស់ឡើយ»៕