ប្រទេសមានសុខសន្តិភាព បងប្អូនជនរួមជាតិមានឱកាសបានសប្បាយរីករាយក្នុងស្រុក និងក្រៅប្រទេស
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង 09:33 AM
(ភ្នំពេញ)៖ តាមរយៈបណ្តាញផ្សព្វ ផ្សាយសង្គមហ្វេស៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩បានបញ្ជាក់ថា នៅ0៨ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិយើងនឹងមកដល់។ ស្រុកទេសមានសុខសន្តិភាព បង ប្អូនជនរួមជាតិក៏មានឱកាសបានសប្បាយរីករាយ ក្នុងការធ្វើដំណើរទៅកំសាន្តទីជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសដោយសេរី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា ឆ្នាំនេះ នៅតាមបណ្តាខេត្តនានាក៏មានរៀបចំកម្មវិធីសង្រ្កាន្តអប អរសាទរឆ្នាំថ្មីដើម្បីផ្តល់នូវការកំសាន្តរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។ ហើយជាពិសេសទៀតនោះ គឺបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករកម្មការិនីអាចជិះឡានក្រុងពីភ្នំពេញទៅកាន់ខេត្តឬពីខេត្តមកភ្នំពេញវិញចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ដោយមិនបង់ប្រាក់ទៀតផង។ សាលាក្រុងរាជធានីបានត្រៀមឡាន១២០គ្រឿងរួច ស្រេចហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសកូនក្មួយយុវជន បើកបរគោរព ច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងយកលឿនតែម្នាក់ឯង ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផងដែលធ្វើអោយយើងសោកស្តាយអស់មួយជីវិត ជា ពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី។ លោកក៏សុំជូនពរបងប្អូន និងកូនក្មួយធ្វើដំណើរមានសុខសុវត្ថិភាពគ្រប់ទីកន្លែង និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍៕
អត្ថបទ រតនៈ