សម្តេចតេជោ ហ៊ុន សែន៖ មិនទាន់ទទួលបានការឆ្លើយតបពីមិត្តចិននៅឡើយទេ សម្រាប់ការធ្វើដំណើរទៅទីក្រុង វូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតនៅទីក្រុងសេអ៊ូលបានផ្តល់ដំណឹងអោយដឹងថា គិតត្រឹមម៉ោង៧យប់ថ្ងៃទី០៤ ខែកុម្ភៈនេះ ខាងភាគីមិត្តចិនមិនទាន់បានឆ្លើយតបនៅឡើយទេ ពាក់ព័ន្ធនឹងដំណើររបស់សម្តេចតេជោ ទៅសួរសុខទុក្ខនិស្សិតកម្ពុជានៅទីក្រុងវូហាន ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បញ្ហានេះប្រហែលភាគីមិត្តចិនមានការលំបាក ក្នុងរៀបចំឲ្យនិស្សិតចេញមកជួប ព្រោះទីនោះត្រូវបានដាក់បម្រាម និស្សិតខ្មែរទាំងអស់មិនអនុញ្ញាតឲ្យចេញពីសាកលវិទ្យាល័យនោះទេ ដើម្បីបង្កាការឆ្លងមេរោគកូរ៉ូណា ដូចដែលក្រុមនិស្សិតរបស់យើងបានរៀបរាប់តាម Facebook, ហើយការស្នាក់នៅរបស់និស្សិតគឺស្ថិតនៅដាច់ដោយឡែកពីគ្នាទៀតផង»។
បើតាមលោក ប៉ែន បារាំង និស្សិតម្នាក់ក្នុងចំណោមនិស្សិតខ្មែរ២៣នាក់ ដែលកំពុងសិក្សានៅក្រុងវូហាន បានឱ្យដឹងថា នៅក្នុងស្ថានភាពនេះ សាលាបានដាក់វិន័យ មិនឱ្យនិស្សិតណាម្នាក់ ចាកចេញពីអគាររបស់សាលានោះទេ ប្រសិនបើមាននិស្សិតណាម្នាក់ចេញទៅក្រៅអគារ មិនអនុញ្ញាតឱ្យចូលស្នាក់ក្នុងអគារវិញបានឡើយ ត្រូវទុកនៅកន្លែងដាច់ដោយឡែកសិនដើម្បីតាមដានសុខភាព។
បើតាមក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ រហូតមកដល់ពេលនេះ និស្សិត២៣រូប ដែលកំពុងសិក្សារនៅទីក្រុងវូហាន មិនមាននិស្សិតណាម្នាក់ ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ ដោយសារទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាគមនិស្សិតនៅទីនោះ។