មន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បើកសន្តិបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ ប្រចាំឆ្នាំសិក្សា២០១៨-២០១៩ និងលើកទឹសដៅបន្តឆ្នាំសិក្សា២០១៩-២០២០
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានរៀបចំបើកសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡាប្រចាំឆ្នាំសិក្សា២០១៨-២០១៩ និងលើកទឹសដៅបន្តឆ្នាំសិក្សា២០១៩-២០២០ ស្ថិតក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងទ័ពទាំងបីប្រភេទ លោក- លោកស្រីប្រធាន អនុប្រធានមន្ទីរជំវិញខេត្ត អភិបាលរងក្រុង/ស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទូទាំងខេត្ត សរុបជិត៣០០នាក់។
បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានមានប្រសាសន៍ សំដែងនូវការរំភើបរីករាយ និងគោរពដ៏ជ្រាលជ្រៅ ចំពោះការដឹកនាំ ប្រកបដោយព្រហ្មវិហារធម៌ និងការយកចិត្តទុកដាក់ របស់គណអភិបាលខេត្តប៉ៃលិន និងអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ ចំពោះវិស័យអប់រំ យុវជន និងកីឡា ពិសេសការបណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់បុព្វហេតុ នៃការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក បានមានបន្តថា៖ នៅក្នុងឆ្នាំសិក្សា២០១៨-២០១៩ កន្លងមក លោកគ្រូ អ្នកគ្រូ និងមន្រ្តីអប់រំគ្រប់ លំដាប់ថ្នាក់ បានសហការ ជាមួយសហគមន៍ អាជ្ញាធរដែនដី ក្នុងការបំពេញការងារតាមតួនាទី និងភារកិច្ចយ៉ាងសកម្ម និងពុះពារគ្រប់ឧបសគ្គលើមូលដ្ឋានកំណែទំរង់ស៊ីជំរៅទាំង ៨ចំណុចសំខាន់ៗ ដែលបានដាក់ចេញ ដោយឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អោយទទួលបានលទ្ធផលជាផ្លែផ្កា។ លោកបានមានប្រសាសន៍បន្តថា៖ តាមរយៈអង្គសន្និបាតនេះ នឹងរកឃើញនូវចំនុចសកម្ម និងអសកម្មនានា ដែលបានអនុវត្តនា ពេលកន្លងមក និងធ្វើការកែតម្រូវ ការត្រិះរិះពិចារណា ពិភាក្សាមុន នឹងដាក់ចេញនូវទិសដៅ តទៅមុខទៀត។
មានប្រសាសន៍នៅក្នុងពិធីសន្តិបាតនេះដែរលោក ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការវិន្និយោគ យ៉ាងច្រើន លើវិស័យអប់រំ ដោយមានការកសាងសាលារៀន យ៉ាងច្រើន តាំងពីទីប្រជុំជន រហូតដល់ជនបទដាច់ស្រយ៉ាល និងបានធ្វើការពង្រឹងគុណភាពអប់រំ បានយ៉ាងល្អប្រសើរ ទាំងបរិមាណ និងគុណភាព។
ទាំងអស់នេះ គឺកើតឡើង ដោយសារតែស្រុកទេស របស់យើងមានសុខ សន្តិភាព និងមានការអភិវឌ្ឍដោយឥតឈប់ឈរ បន្ទាប់ពីប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ នៅទូទាំងប្រទេស។ លោកអភិបាលខេត្ត ក៍បានជំរុញ ដល់លោកគ្រូ អ្នកគ្រូ បុគ្កលិកអប់រំ ដែលមានវត្តមានទីនេះ ត្រូវពង្រឹងគុណភាពសិក្សាអប់រំ បន្តទៀត ដោយដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋភិបាលកម្ពុជា ដើម្បីភាពសុខសាន្ត រុងរឿង របស់ប្រទេសជាតិយើងផងដែរ៕