ខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus)
(ភ្នំពេញ)៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus)ដែលកន្លងទៅថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយមានទាំងព័ត៌មានពិត និងមិនពិត ដែលបានបង្កអោយមានការងឿងឆ្ងល់ និងការព្រួយបារម្ភ ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលពិបាកទទួលព័ត៌មាន។
នៅក្នុងសន្និសីទសារព័ត៌មាននេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញបំភ្លឺនិងបញ្ជាក់បង្ហាញអំពីដំណោះស្រាយ និងជំហររបស់រាជរដ្ឋាភិបាលអំពីវិធានការដោះស្រាយ និងទប់ស្កាត់អំពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្តីបន្ទោសដល់អ្នកផ្សាយព័ត៌មាន និងបុគ្គលមួយចំនួនដែលបានផ្សាយព័ត៌មានមិនពិតក្នុងសង្គមដែលចាត់ទុកថាជាអ្នកបំពុលសង្គម អ្នកដែលធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច។ សម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា មកដល់ពេលនេះកម្ពុជាយើងមិនទាន់មានពលរដ្ឋណាកើតជម្ងឺ ផ្លូវដង្ហើមថ្មីកូរ៉ូណា នោះទេ ជម្ងឺពិតប្រាកដនាពេលនេះគឺជម្ងឺភ័យខ្លាច និងបំភិតបំភ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានឆ្លើតបទៅនឹងសំនួរ២សំខាន់ដែលមានការលើកឡើង មកសម្តេចទី១ទាក់ទងការបិទជើងហោះហើរពីចិន និងទី២ការស្នើអោយមានការជម្លៀសនិស្សិតខ្មែរ មកប្រទេសកម្ពុជាវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា៖
១)ទាក់ទងការបិទជើងហោះហើរ សម្តេចតេជោបានបញ្ជាក់ថា វិធានការបែបនេះជាការសម្លាប់សេដ្ឋកិច្ច និងផ្តាច់ទំនាក់ទំនងរវាងកម្ពុជា-ចិន ហើយ ដែលប្រទេសចិនមានប្រជាជនប្រមាណ
១៤០០លាននាក់។ យើងមិនចាំបាច់ប្រកាសបិទជើងហោះហើរនោះទេ ប្រទេសចិនគេបិទនៅទីក្រុង វូ ហានហើយ ហើយប្រទេសចិនគេមានវិធានការរបស់គេ។ ចំនុចនេះសម្តេចតេជោបានមានប្រសាសន៍ពេលដែលបិទជើងហោះហើរ វានឹងសម្លាប់សណ្ឋាគាររបស់កម្ពុជា ទាំងសេវាផ្សេងៗទៀត
ចំណែកទំនាក់ទំនងកម្ពុជា-ចិន វិញ អាចនឹងនាំអោយមានបញ្ហានឹងគ្នា។
២)ទាក់ទងនឹងការស្នើអោយមានការជម្លៀសនិស្សិតខ្មែរ មកប្រទេសកម្ពុជាវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងមិនចាំបាច់ត្រូវជម្លៀសនោះទេ។ ចំណែកនិស្សិតដែលបានមកម្ពុជាហើយនោះ គម្បីរកវិធីទាក់ទងដើម្បីបន្តទៅសិក្សាវិញ តែបើមិនបានសុំច្បាប់សាលាទេគេនឹងបញ្ឍប់ការសិក្សានៅចិនហើយ។ យើងមិនត្រូវរត់ចោលគ្នា គ្រាដែលគេមានអាសន្នឡើយត្រូវរួមសុខរួមទុកជាមួយគ្នា។ សម្តេចតេជោបានអរគុណដល់សារព័ត៌មាន BTV news ដែលបានចូលរួមផ្សាយព័ត៌ពិតប្រាកដ ទាក់ទងហេតុការណ៍នៃជម្ងឺនេះ រួមទាំងសារព័ត៌មានដែលមានវិជ្ជាជីវៈដ៏ទៃទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មហាជននូវចំនុចមួយចំនួនដូចជា៖
១)សូមកុំមានការភ័យខ្លាចខ្លាំងពេលចំពោះករណីនេះ ព្រោះជម្ងឺនេះវាមិនទាន់បានសម្លាប់ពលរដ្ឋកម្ពុជាយើងនោះទេ។ ការភ័យខ្លាចខ្លាំងពេកនាំអោយខាតបង់ពេលវេលា បាត់បង់ការងារ ផ្ទុយទៅវិញត្រូវថែទាំសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការធ្វើអនាម័យ ការរស់នៅអោយបានល្អ ទាំងការរស់នៅ ហូបចុកនានា។
២)ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានពិតប្រាកដជូនប្រជាពលរដ្ឋអោយអោយមានការភាន់ច្រឡំ និងត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ និងត្រូវចាត់វិមានការចំពោះអ្នកដែលផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានពិតត្រូវយកតាមក្រសួងសុខាភិបាល។
៣)តាមក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជន វត្តអារាម វិហារឥស្លាម គ្រឹស្ថសាសនា និងកន្លែងបម្រើការងារផ្សេងត្រូវដំណើរការជាធម្មតា។
៤)តាមសាលារៀន ទាំងរដ្ឋ និងឯកជនត្រូវយកកូនមករៀនជាធម្មតា ហើយសាលារៀននីមួយៗត្រូវបង្កើនការអប់រំជាប្រចាំនូវអនាម័យសុខភាពសិស្សជាប្រចាំ។
៥)ត្រូវមានម៉ាសពាក់ការពារ តែត្រូវពាក់កន្លែងដែលចាំចាច់ត្រូវពាក់។
៦)អ្នកលក់ម៉ាស សូមកុំលក់គេងចំនេញក្នុងខណៈដែលប្រជាជនកំពុងមានតម្រូវការ។ ហើយរោងចក្រមួយចំនួនត្រូវជួយផលិតម៉ាសបន្ថែមដើម្បីជួយដល់រដ្ឋផងដែរ។ ជាមួយគ្នានោះក្រុមគ្រួសារណាដែលអាចដេម៉ាសដោយខ្លួនឯងបានក៏ជាការប្រសើរក្នុងការចូលរួមចំណែកកាត់បន្ថយការចំណាយ។
៧) ត្រូវដំណើរការធម្មតាលើផ្នែកសេវា ដូចជាសេវាទេសចរណ៍ , សណ្ឋាគារ , ព្រលានយន្តហោះ កំពុងផែ , សេវាដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស
ប្រជាពលរដ្ឋយើងអាចដើរលេងកម្សាន្តទៅតាមរមណីដ្ឋាននានាជាធម្មតា។
៨)អគ្គកុងសុល និងអ្នកដែរស់នៅក្រុងវូហាន ប្រួេសចិនទាំងអស់ ត្រូវស្ថិតនៅទីនោះដដែល មិនមានការចាំបាច់ត្រឡប់មកស្រុកកំណើតនោះទេ។យើងត្រូវរួមសុខរួមទុកជាមួយគ្នា ដែលពាក្យស្លោកខ្មែយើងពោលថា «ស្រលាញ់គ្នានៅគ្រាក្រ ស្គាល់មិត្តល្អពេលគ្រាមានអាសន្ន»៕