លោក ឃួន សុដារី៖ បញ្ហាចាស់ជរាអាស៊ី ដែលធ្លាប់តែទទួលបានការការពារពីប្រព័ន្ធសង្គម និងសម្ព័ន្ធភាពសហគមន៍កំពុងប្រឈមកាន់តែខ្លាំងឡើង សូម្បីតែការថែទាំដោយក្រុមគ្រួសារ និងសម្ព័ន្ធភាពសហគមន៍
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង 08:16 AM
(ភ្នំពេញ) ៖ លោកស្រី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សប្រជាជន
កម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់ (ICAPP) សហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅក្នុងពិធីបើកវេទិកានយោបាយអាស៊ី-អ៊ឺរ៉ុប លើកទី ៣ នៅទីក្រុងកូឡុំបូ សាធារណរដ្ឋសង្គមប្រជាធិតេយ្យស្រីលង្កា បានលើកឡើងនៅថា បញ្ហាចាស់ជរា ជាពិសេសចាស់ៗនៅអាស៊ី ដែលធ្លាប់តែទទួលបានការការពារពីប្រព័ន្ធសង្គម និងសម្ព័ន្ធភាពសហគមន៍កំពុងប្រឈមកាន់តែខ្លាំងឡើង សូម្បីតែការថែទាំដោយក្រុមគ្រួសារ និងសម្ព័ន្ធភាពសហគមន៍ក៏កំពុងតែមានការធ្លាក់ចុះខ្លាំង ដែលធ្លាប់តែជាសង្គមមួយមានវប្បធម៌ថែទាំគ្នាទៅវិញទៅមក និងស្មារតីស្និទ្ធស្នាលក្នុងសហគមន៍រាប់សតវត្សរ៍ក៏ដោយក៏មានការផ្លាស់ប្តូរដែរ។
វេទិកានយោបាយអាស៊ី-អ៊ឺរ៉ុប លើកទី ៣ (The 3rd Meeting of the Asia Europe Political Forum-AEPF) រៀបចំធ្វើឡើង នៅក្នុងទីក្រុងកូឡុំបូ សាធារណរដ្ឋសង្គមប្រជាធិបត្យស្រីលង្កា កាលពីព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៩ ដែលនាពេលនោះលោកជំទាវ បានឡើងថ្លែងសុន្ទរកថាអបអរសាទរទៅកាន់កិច្ចប្រជុំ។
វេទិកានេះត្រូវបានទទួលរៀបចំឡើងដោយគណបក្សរួបរួមជាតិស្រីលង្កា ដែលត្រូវបានតំណាងដោយថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់គណបក្ស រួមមាន ឯកឧត្តម រ៉ានីល វីគ្រីម៉េស្ហីងហ៍ (Ranil Wickremesinghe) នាយករដ្ឋមន្រ្តីស្រីលង្កា និងជាប្រធានគណបក្សរួបរួមជាតិស្រីលង្កា ដែលបានអញ្ជើញចូលរួមបើកវេទិកានេះកាលពីព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៩។
វេទិកានយោបាយអាស៊ី-អ៊ឺរ៉ុប(AEPF) លើកទី ៣ នេះ ដឹកនាំដោយឯកឧត្តម ដាយ៉ា ហ្កាមេយ (Daya Gamage) ប្រធានអង្គប្រជុំ, រដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្មកម្រិតបឋម និងការ
ផ្តល់សិទ្ធិអំណាចដល់សង្គម និងជាអនុប្រធានជាន់ខ្ពស់នៃគណបក្សរួបរួមជាតិស្រីលង្កា ដោយមានការចូលរួមពីប្រតិភូប្រមាណជាង ៧០នាក់ មកពីគណបក្សនយោបាយនៅអាស៊ី-អ៊ឺរ៉ុបចំនួន ២៥។ វេទិកានេះ ផ្តោតសំខាន់លើប្រធានបទស្តីពី “ តួនាទីរបស់គណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈាមនៃសន្តិសុខសង្គម និងការងារសម្រាប់កំណើនប្រជាជន
វ័យចំណាស់ ក៏ដូចជាបញ្ហាសំខាន់នានានៅក្នុងតំបន់អាស៊ីនាពេលបច្ចុប្បន្ន”។
ក្រោយពីបានសម្តែងនូវអំណរគុណ និងក្តីសោមនស្សជាពន្លឹក ដោយបានចូលរួមធ្វើជាសហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប AEPF លើកទី ៣ ក្នុងទីក្រុងវប្បធម៌ និងប្រវត្តិសាស្រ្តមួយនេះ លោកស្រីបានទាញចំណាប់អារម្មណ៍ប្រតិភូឱ្យក្រឡេកមើលបញ្ហាប្រឈមរបស់គណបក្សនយោបាយ ចំពោះការកើនឡើង នៃជរាភាពដូចជាបញ្ហាសន្តិសុខសង្គម ការងារ និងបញ្ហាផ្សេងទៀតត្រូវការចំណាប់អារម្មណ៍បន្ទាន់ក្នុងតំបន់អាស៊ី ដែលកំពុងតែកើតឡើងពិតៗ ហើយមានផលប៉ះពាល់យ៉ាងខ្លាំងទាំងថ្នាក់តំបន់ និងកម្រិតបុគ្គល។
លោកស្រីបានមានប្រសាសន៍បន្តថា ការកើនឡើងនៃអត្រាការពឹងផ្អែករបស់ជនចាស់ជរា និងឧបសគ្គផ្នែកហិរញ្ញប្បទាន សម្រាប់គាំទ្របេឡាសង្គម និងការថែទាំជាលក្ខណៈស្ថាប័ន ជានិន្នាការថ្មី ដែលអ្នករៀបចំគោលនយោបាយថ្នាក់ជាតិត្រូវធ្វើការពិចារណា។ លោកស្រីបានសម្តែងការព្រួយបារម្មណ៍ពីការផ្លាស់ប្តូរនេះ ដោយប៉ះពាល់ដល់មនុស្សវ័យចំណាស់ ដែលនឹងអាចបង្កឱ្យមានជំងឺស្ត្រេស ការតក់ស្លុត ភាពឯកា ការបាក់ទឹកចិត្ត ជារួមគឺការធ្លាក់ចុះ នៃសុខមាលភាពផ្នែកស្មារតី។ លោកស្រី បានលើកឡើងបន្ថែមថា មិនត្រឹមតែបញ្ហាផ្លូវចិត្តនោះទេដែលកើតមានឡើង ក៏ប៉ុន្តែការកើនឡើង នៃអសន្តិសុខប្រាក់ចំណូល សម្រាប់ចាស់ជរា និងគម្លាតកាន់តែធំ នៃភាពខុសគ្នាពីមួយជំនាន់ទៅមួយជំនាន់ ក៏មានផលប៉ះពាល់ខ្លាំងដល់ប្រជាជនមានវ័យចំណាស់ ជនពិការចាស់ជរា និងស្រ្តី។
លោកស្រី បានធ្វើការអំពាវនាវ ដោយក្នុងនាមជាគណបក្សនយោបាយ ត្រូវដើរតួនាទីឲ្យបានសកម្ម ក្នុងការអង្កេត និងកំណត់ឲ្យបានឆាប់រហ័ស នូវបញ្ហាកំពុងកើតមាននេះ ដើម្បីជាការឆ្លើយតបនូវគោលនយោបាយផ្សេងៗតាមវេទិកានយោបាយមួយនេះ។ លោកស្រី ក៏បានលើកជាសំណើរជាគំនិតផងដែរអំពីការគិតគូរពីគោលនយោបាយ ដែលផ្តល់អាទិភាពខ្លាំងលើការអប់រំពេញមួយជីវិត, ការកសាងសម្ព័ន្ធភាពសហគមន៍, ការលើកកម្ពស់សមភាពយេនឌ័រ, ការកាត់បន្ថយគម្លាតពីជំនាន់មួយទៅជំនាន់មួយ, កំណែទម្រង់ទីផ្សារដែលគិតគូរពីជរាភាព, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច និងឧបករណ៍បរិក្ខា ដែលគិតគូរពីជរាភាពជាចាំបាច់។
មុននឹងបញ្ចប់សុន្ទរកថាអបអរសាទរ លោកជំទាវ បានសង្កត់ធ្ងន់ថា ឆន្ទៈ និងការប្តេជ្ញាចិត្តផ្នែកនយោបាយដើរតួនាទីដ៏សំខាន់ ក្នុងការបង្កើតគោលនយោបាយ ដែលមានលក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ហាជរាភាពនេះ៕
អត្តបទ ៖ រតនៈ