លោក ពេជ្រ ស្រស់ អំពាវនាវដល់គណៈគ្រប់គ្រងរោងចក្រកាត់ដេរ និងសហជីព ព្រមទាំងក្រសួងការងារ ឲ្យចុះផ្សព្វផ្សាយអំពីវិធីបង្ការកុំឲ្យឆ្លងមេរោគរលាកសួតថ្មី
(ភ្នំពេញ)៖ក្នុងឱកាសចុះចែកម៉ាស់ជូនដល់បងប្អូនកម្មករកម្មការិនីនៅរោងចក្រ សាន ចូវ ក្នុងភូមិទួលពង្រ ក្នុងទីក្រុងភ្នំពេញ លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ លោកក៏បានអំពាវនាវដល់គណៈគ្រប់គ្រងរោងចក្រកាត់ដេរ និងសហជីពព្រមទាំងក្រសួងការងារ ឲ្យចុះផ្សព្វផ្សាយអំពីវិធីបង្ការកុំឲ្យឆ្លងមេរោគរលាកសួតថ្មី ដល់បងប្អូនកម្មករកម្មការិនីដែលកំពុងបំរើការងារតាមបណ្តារោងចក្រនានា។
សូមជម្រាបថាលោក ពេជ្រ ស្រស់ បានចែកម៉ាស ទៅដល់បងប្អូនកម្មករកម្មការិនីប្រមាណជាង ២ពាន់ម៉ាស ហើយឆ្លៀតក្នុងឱកាសនោះលោក ពេជ្រស្រស់ ក៏បានប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើងចូលរួមថែរក្សាសុខភាពជាពិសេសគោរពទៅតាមវិធានការសំខាន់ៗរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញនោះដើម្បីថែរក្សាសុខភាពឲ្យបានល្អ និងបង្ការការឆ្លងជំងឺនេះ។
សូមជំរាបថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថាក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ៕