Hot NEWS: ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីជំងឺផ្លូវដង្ហើមថ្មី នៅលើជនជាតិចិនម្នាក់ នៅកម្ពុជា
(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។
តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។
បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។
ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ។
សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ វិរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា បានសម្លាប់មនុស្ស៨១នាក់ហើយ ចំណែកអ្នកឆ្លងនៅប្រទេសចិន បានកើនឡើងរហូតលើស២៧០០នាក់ ខណៈប្រមាណ៣៨ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។