ធ្លាប់តែពេលបុណ្យចូលឆ្នាំម្តងៗមនុស្សណែនរកផ្លូវដើរមិនចង់ឃើញស្រាប់តែវីរុសកូរ៉ូណាវាយលុកកាន់តែខ្លាំង ទីក្រុង Wuhan និងខេត្ត Hubei ស្ទើរតែគ្មានមនុស្សធ្វើដំណើរ
(ចិន)៖ គិតត្រឹមល្ងាចថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ការប្រកាសអាសន្នអំពីការផ្ទុះឡើងនៃ វីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Coronavirus) បានអូសបន្លាយជិតមួយខែទៅហើយ ក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំង ទទួលស្គាល់វត្តមាននៃវីរុសនេះជាផ្លូវការ កាលពីចុងខែធ្នូ ឆ្នាំ២០១៩។
ទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូនប៉ី (Hubei) ប្រភពដើមនៃវីរុសដែលអាចបំផ្លាញសួត និងតម្រងនោមធ្ងន់ធ្ងររហូតដល់អាចផ្តាច់ជីវិតមនុស្សបាននោះ ត្រូវបានរដ្ឋាភិបាលចិនសម្រេចបិទទ្វារទាំងស្រុងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយប្រការនេះមានន័យថា ការចេញ និងចូលខេត្ត-ក្រុងនេះគ្រប់មធ្យោបាយត្រូវបានរឹតត្បិតបំផុត។
ខណៈដែលស្ថានការណ៍នានា បន្តស្ថិតក្នុងការព្រួយបារម្ភខ្លាំងបំផុតនោះ ទីក្រុង Wuhan ដែលជម្រកនៃប្រជាជនជាង ១០លាននាក់ និងខេត្ត Hubei ទាំងមូល ដែលជាជម្រកនៃប្រជាជនជិត ៦០លាននាក់ បានកើតមាននូវការប្រែប្រួលខ្លាំង នោះគឺតាមដងវិថីធំៗនានា ស្ទើរតែមិនឃើញមានមនុស្សម្នាធ្វើដំណើរ ហើយហាងលក់ទំនិញតូចធំជាច្រើនបានបិទទ្វារ។
វាជារឿងគួរឲ្យសង្វេគបំផុតមួយ ព្រោះបុណ្យចូលឆ្នាំថ្មី ដែលធ្លាប់ពោពេញដោយមនុស្សម្នា និងការប្រារព្ធពិធីនានាយ៉ាងសប្បាយរីករាយ បែរជាគ្មានអ្វីកើតមានឡើងទាល់តែសោះ ក្រៅពីមនុស្សម្នាព្យាយាមសម្ងំក្នុងផ្ទះ សូម្បីតែការធ្វើដំណើរតាមដងវិថី ក៏លែងជារឿងធម្មតាទៀត។ ទីក្រុង Wuhan ដែលធ្លាប់ជាគោលដៅទេសចរណ៍ និងធ្វើដំណើរយ៉ាងសកម្មមួយដែរជាមួយពិភពលោក បើធៀបហ្នឹងទីក្រុងធំៗផ្សេងទៀតរបស់ចិន ពេលនេះបានប្រែប្រួលស្ទើរមិនគួរឲ្យជឿ ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា។
ដោយឡែកយោធាចិនត្រូវបានបញ្ជូនមកដល់ទីក្រុង Wuhan ហើយ ដោយពួកគេត្រៀមនឹងគ្រប់គ្រងមន្ទីរពេទ្យសង្គ្រោះបន្ទាន់ធំៗចំនួនពីរ ដែលត្រូវបានកសាងឡើងយ៉ាងឆាប់រហ័ស ព្រមទាំងត្រៀមដាក់ដំណើរការនៅថ្ងៃទី០២ និងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ មន្ទីរពេទ្យពិសេសទាំងពីរនោះមានឈ្មោះថា ហូសិនសាន (Huoshenshan) និង ឡៃសិនសាន (Leishenshan) នឹងត្រូវបើកដំណើរការជាពិសេស ដើម្បីទទួលអ្នកឆ្លង និងពិនិត្យរកវីរុសកូរ៉ូណា។
ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតនៅចិន ព្រមទាំងចំនួនអ្នកឆ្លងនៅទូទាំងពិភពលោក៖
១៖ ប្រទេសចិន៖ ឆ្លងជាង ២,៧៤០នាក់ ក្នុងនោះស្លាប់ ៨១នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ បារាំង៖ ០៣ករណី
៥៖ ជប៉ុន៖ ០៤ករណី
៦៖ ម៉ាឡេស៊ី៖ ០៤ករណី
៧៖ សិង្ហបុរី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៣ករណី
៩៖ សហរដ្ឋអាមេរិក៖ ០៥ករណី
១០៖ វៀតណាម៖ ០២ករណី
១១៖ នេប៉ាល់៖ ០១ករណី
១២៖ កាណាដា ០១ករណី
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕
Coronavirus: Inside Hubei province
"There's pretty much nobody on the street here."Inside Hubei province, where the deadly coronavirus outbreak originated.bbc.in/2tIBfS5
Posted by BBC News on Sunday, January 26, 2020